ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់ គឺខុសច្បាប់ ហើយកំពុងជំរុញពិភពលោកឆ្ពោះទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរ។
ក្រសួងបានសង្កត់ធ្ងន់ថា៖«ការវាយប្រហារដែលកំពុងបន្តដោយភាគីអ៊ីស្រាអែលប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរស៊ីវិល នៅអ៊ីរ៉ង់ គឺខុសច្បាប់ពីទស្សនៈនៃច្បាប់អន្តរជាតិ។ ពួកគេបានបង្កការគំរាមកំហែង ដែលមិនអាចទទួលយកបានចំពោះសន្តិសុខអន្តរជាតិ និងជំរុញឲ្យពិភពលោកធ្លាក់ក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរ ជាមួយនឹងផលវិបាករបស់វា នៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ»។

ក្រសួងបានបន្តថា៖«រុស្ស៊ីកំពុងអំពាវនាវឲ្យថ្នាក់ដឹកនាំរបស់អ៊ីស្រាអែលស្វែងយល់ពីផលវិបាកនានា និងបញ្ឈប់ជាបន្ទាន់នូវការវាយឆ្មក់តាមអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលមានការធានា និងត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)» ដោយបន្ថែមថា ទីក្រុងមូស្គូរំពឹងថា ទីភ្នាក់ងារនេះ នឹងចេញរបាយការណ៍ជាក់លាក់អំពីការវាយតម្លៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើ អ៊ីរ៉ង់។
ក្រសួងការបរទេស បានបញ្ជាក់ថា៖«រុស្ស៊ីរំពឹងថា ថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ នឹងបញ្ចេញរបាយការណ៍ជាលាយលក្ខណ៍អក្សរ ទៅកាន់ក្រុមប្រឹក្សាភិបាល IAEA និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាមួយនឹងការវាយតម្លៃជាក់ស្តែងនៃការខូចខាតដែលបានបង្កឡើងដោយយោធាអ៊ីស្រាអែល ចំពោះសន្តិសុខនៃកន្លែងថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការប្រើប្រាស់ការធានារបស់ IAEA រួមទាំងករណីនៃការបំភិតបំភ័យអ្នកត្រួតពិនិត្យ ដែលពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត»។
