រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល ជាមធ្យោបាយមួយ ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅតំបន់ហ្កាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃអង្គារ លោក Albares បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែលក្នុងពិភពលោក មានឥទ្ធិពលយ៉ាង សំខាន់។ លោកបាននិយាយថា ប្លុកនេះ «ត្រូវតែដាក់ទណ្ឌកម្មអាវុធ ដើម្បីកុំឲ្យដៃគូអឺរ៉ុបរបស់យើងលក់អាវុធឲ្យអ៊ីស្រាអែល ខណៈពេលដែលសង្រ្គាមនេះ នៅតែបន្ត»។

លោក Albares ជាអ្នករិះគន់ឥតសំចៃចំពោះជម្លោះនៅតំបន់ហ្កាហ្សា និងជាអ្នកតស៊ូមតិយ៉ាងម៉ឺងម៉ាត់សម្រាប់ដំណោះស្រាយរដ្ឋពីរ។ កាលពីខែឧសភា លោកបានហៅតំបន់ហ្កាហ្សាថា ជា «របួសបើកចំហសម្រាប់មនុស្សជាតិ» នៅក្នុងកិច្ចប្រជុំអន្តរជាតិនៃតំណាងបរទេសមកពីបណ្តាប្រទេសអឺរ៉ុប និងមូស្លីម ប្រេស៊ីល និងអង្គការអន្តរជាតិ។
ដោយអត្ថាធិប្បាយអំពីជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលទើបផ្ទុះឡើងនោះ លោក Albares បានអំពាវនាវឲ្យមានការបន្ធូរបន្ថយការកើនឡើងពីភាគីទាំងសងខាង។ លោកបាននិយាយថា៖«ឥឡូវនេះ យើងត្រូវកាត់បន្ថយការវាយប្រហារដោយមីស៊ីលនិងគ្រាប់បែករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយធានាថា អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ ហើយថា អ៊ីរ៉ង់បញ្ឈប់ពីការមានអាវុធនុយក្លេអ៊ែរ តាមរយៈការចរចាការទូត»។
