តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែន (Vienna) លោក Reza Najafi បាននិយាយនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)ថា ទីក្រុងតេអេរ៉ង់ បានចាត់វិធានការ ដើម្បីការពាររោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

លោកបានបញ្ជាក់ថា៖«អ៊ីរ៉ង់បានអនុម័តវិធានការពិសេស ដើម្បីការពារឧបករណ៍ និងសម្ភារៈនុយក្លេអ៊ែររបស់ខ្លួន។ ចំពោះភាពចាំបាច់នៃសន្តិសុខជាតិ ព័ត៌មានលម្អិតនៃវិធានការទាំងនេះ នឹងត្រូវបានប្រកាសទៅកាន់ទីភ្នាក់ងារនេះ ក្នុងពេលកំណត់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគណនី X របស់ស្ថានទូតអ៊ីរ៉ង់។
កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើបរបស់ខ្លួន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបក្នុងរយៈពេលតិចជាង ២៤ម៉ោង។ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានវាយប្រហារគ្នាម្តងទៀត នៅប៉ុន្មានថ្ងៃក្រោយមក។ ភាគីទាំងពីរបានរាយការណ៍ពីជនរងគ្រោះ និងការខូចខាត ហើយបានទទួលស្គាល់ថា គ្រឿងបរិក្ខារមួយចំនួន ត្រូវបានរងការខូចខាត ប៉ុន្តែបាននិយាយថា ការខូចខាតមានកម្រិត។
