ផេះ និងធូលី បានគ្របដណ្តប់លើផ្លូវ និងដំបូលផ្ទះសម្បែងប្រជាពលរដ្ឋនៅជុំវិញភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃពុធនេះ ក្រោយវាផ្ទុះកាលពីរយៈពេល ១ថ្ងៃមុន ធ្វើឲ្យសំណុំផ្សែងហុយលើអាកាសកម្ពស់ជាង ១០គ.ម ។

បន្ទុះភ្នំភ្លើងនេះដែរ បង្ខំឲ្យមានការលុបចោលជើងហោះហើររាប់សិបវ៉ុលចេញ-ចូលកោះបាលី ។
លោក Muhammad Wafid គឺជាប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រ បាននិយាយថា អ្នកស្រុក និងភ្ញៀវទេសចរគួរតែជៀសវាងការធ្វើសកម្មភាពណាមួយក្នុងចម្ងាយយ៉ាងតិច ៧គ.មពីតំបន់បន្ទុះភ្នំភ្លើង ។
ក្រុមមន្ត្រីបានបង្កើនកម្រិតប្រកាសអាសន្នគ្រោះមហន្តរាយឥណ្ឌូនេស៊ី ដល់កម្រិតខ្ពស់បំផុត ដើម្បីឆ្លើយតបនឹងបន្ទុះភ្នំភ្លើងនេះ។ មកទល់ពេលនេះ ពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសនោះទេ។
អ្នកស្រី Elisabet Semoi Liwu គឺជាអ្នកស្រុកវ័យ ៣៤ឆ្នាំមួយរូប និយាយថា ភូមិរបស់គាត់ហ៊ុមព័ទ្ធដោយផ្សែងពណ៌ក្រហម ពេលដែលបន្ទុះភ្នំភ្លើងកើតឡើងកាលពីថ្ងៃអង្គារ ។
អ្នកស្រីបន្តថា វាគួរឲ្យរន្ធត់ខ្លាំងណាស់ ពេលដែលភ្នំភ្លើងផ្ទុះបែបនេះ វានៅពីមុខយើងតែម្តង ហើយពេលដែលថ្មចាប់ផ្តើមស្រោចលើពួកយើង ពួកយើងបានរត់ទៅកាន់ទីក្រុងជិតខាង Hikong ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជួបប្រទះនឹងការរញ្ជួយដី និងភ្នំភ្លើងកម្រើកញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើតំបន់កងភ្លើងប៉ាស៊ីហ្វិក ៕


