រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed បានព្រមានពីការមាន «វិធានការមិនបានគិតគូរ និងមិនប្រុងប្រយ័ត្ន» ដែលអាចរីករាលដាលហួសពីព្រំដែននៃប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា)។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍កាលពីល្ងាចថ្ងៃនោះថា ប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាតាមទូរសព្ទ អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។

សារព័ត៌មាន WAM បានឲ្យដឹងថា ប្រធានាធិបតីអារ៉ាប់រួម បានលើកឡើងថា ប្រទេសឈូងសមុទ្រ កំពុងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពស្ងប់ស្ងាត់។ សារព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ មេដឹកនាំអារ៉ាប់រួមក៏បានបង្ហាញនូវសាមគ្គីភាពជាមួយអ៊ីរ៉ង់ និងប្រជាជនរបស់ប្រទេសនេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុង Abu Dhabi បានផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាជាច្រើនឆ្នាំ។ ហើយប្រទេសឈូងសមុទ្រមួយនេះ រួមជាមួយបារ៉ែន ក៏បានធ្វើឲ្យមានប្រក្រតីភាពផងដែរនូវទំនាក់ទំនង ជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ២០២០៕


