ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហ្សេរុយសាឡឹម នឹងត្រូវបិទទ្វារចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ ដោយសារស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងដើម្បីអនុលោមតាមសេចក្តីណែនាំរបស់អ៊ីស្រាអែល ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ដោយសារស្ថានភាពសន្តិសុខ និងអនុលោមតាមសេចក្តីណែនាំរបស់ទីបញ្ជាការជួរមុខអ៊ីស្រាអែល ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហ្សេរុយឡាឡឹម នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃសុក្រ ។ វារួមទាំងស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹម និងនៅទីក្រុងតែល អាវីវ ផងដែរ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee បានរាយការណ៍កាលពីថ្ងៃចន្ទពីការខូចខាតតិចតួចនៅការិយាល័យសាខាស្ថានទូតក្នុងទីក្រុងតែល អាវីវ ដោយសាររលករញ្ជួយ បន្ទាប់ពីការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់ ប៉ុន្តែគ្មានបុគ្គលិកណាម្នាក់ រងរបួសនោះទេ ។
សូមបញ្ជាក់ថា ការវាយប្រហារតាមច្រកអាកាសដ៏កម្រោល និងខ្លាំងក្លារបស់អ៊ីស្រាអែល បានបន្តកំណត់គោលដៅលើរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃពុធនេះ រយៈពេល ៦ថ្ងៃជាប់ៗគ្នា នៅក្នុងជម្លោះដ៏ក្ដៅគគុកដែលក្រុមសិទ្ធិមនុស្សនិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨៥នាក់ នៅទូទាំងប្រទេសអ៊ីរ៉ង់ និងមនុស្ស ១.៣២៦នាក់ផ្សេងទៀត រងរបួស ៕
