ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការ អំឡុងកិច្ចពិភាក្សាដោយផ្ទាល់លើកដំបូងរបស់ពួកលោក ជាការបង្ហាញយ៉ាងឆាប់រហ័សនូវទិសដៅនៃទំនាក់ទំនងនាពេលអនាគត រវាងប្រទេសទាំង២ បន្ទាប់ពីលោក Lee បានឡើងកាន់តំណែង។
មេដឹកនាំទាំង២ បានជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) នៅទីក្រុងតំបន់ភ្នំ Rockies នៃប្រទេសកាណាដា កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា) ពោលគឺប៉ុន្មានថ្ងៃមុនខួបលើកទី៦០ នៃការធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងការទូត រវាងកូរ៉េខាងត្បូង និងជប៉ុន។

តាមរយៈការបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយ លោក Lee បានប្រាប់លោក Ishiba ថា៖ «ប្រទេសពួកយើងមិនអាចបំបែកចេញពីគ្នាបាននោះទេ ប្រៀបដូចជាអ្នកជិតខាងដែលមានទីធ្លាមុខផ្ទះរួមគ្នាអ៊ីចឹង។ យើងប្រហែលជាមានការខ្វែងគំនិតគ្នា និងការមិនយល់ស្របជាមួយគ្នាតិចតួច ប៉ុន្តែខ្ញុំសង្ឃឹមថា យើងអាចជម្នះលើបញ្ហាទាំងនោះបាន ហើយលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមវិធីជាច្រើន»។
កិច្ចប្រជុំនេះបន្តនូវកិច្ចសន្ទនា ដែលបានចាប់ផ្តើមដោយការជជែកតាមទូរសព្ទប្រមាណជា ១សប្តាហ៍មុន។ អ្នកមាននិន្នាការឆ្វេងនិយម លោក Lee ដែលធ្លាប់រិះគន់ជប៉ុននាពេលកន្លងមក បានក្លាយជាប្រធានាធិបតី បន្ទាប់ពីបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៣ ខែមិថុនា ដែលត្រូវបានរៀបចំឡើងដោយសារការធ្លាក់ចេញពីអំណាចរបស់អ្នកកាន់តំណែងមុននៃក្រុមអភិរក្សនិយម៕
