ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅល្ងាចថ្ងៃនេះថា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុងរហូតដល់ ៣១ករណីហើយគិតត្រឹមថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងបែបនេះនៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Pfizer ចំនួន ៧៨៣,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីនៅល្ងាចថ្ងៃអាទិត្យនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងឱ្យដឹងទៀតថា ក្នុងចំណោមតួលេខឆ្លងសរុបនេះ កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុងចំនួន ១៥ករណីនៅថ្ងៃនេះ ដែលសម្ដេចបញ្ជាក់ថា សុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អ្នកឆ្លងមេរោគកូវីដ-១៩អូមីក្រុងចំនួន ៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩អូមីក្រុងនេះ ប៉ុន្តែ បានជំរុញឱ្យប្រជាពលរដ្ឋកុំភ័យស្លន់ស្លោចំពោះការរកឃើញករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុងនៅកម្ពុជា៕

