ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) និយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា អ៊ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មលើមនុស្សជាតិជាមួយនឹងការសម្លាប់រង្គាលជនស៊ីវិលដែលជ្រកកោនក្នុងសាលារៀន និងតាមទីកន្លែងសាសនានៅតំបន់ហ្កាហ្សា ជាមួយនឹងគោលដៅច្បាស់លាស់ គឺបំផ្លិចបំផ្លាញជីវិតនៅក្នុងដែនដីបិទច្រកមួយនេះ ។
គណៈកម្មការស៊ើបអង្កេតឯករាជ្យអន្តរជាតិអង្គការសហប្រជាជាតិលើដែនដីកាន់កាប់ប៉ាឡេស្ទីន រួមទាំងតំបន់ហ្សេរុយសាឡឹមខាងកើត និងអ៊ីស្រាអែល បានបង្ហាញរបាយការណ៍របស់ខ្លួនដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

អ្នកស្រី Navi Pillay គឺជាអតីតឧត្តមស្នងការសិទ្ធិមនុស្ស UNដែលជាប្រធានគណៈកម្មការនេះ និយាយប្រាប់រដ្ឋសមាជិកថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម រួមទាំងវាយប្រហារដោយផ្ទាល់លើជនស៊ីវិល និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ ហើយនិងឧក្រិដ្ឋកម្មមនុស្សជាតិជាមួយនឹងការសម្លាប់រង្គាល ។
អ៊ីស្រាអែល ត្រូវបានដកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែកុម្ភៈ ក្រោយចោទប្រកាន់ពួកគេថាអគតិគមន៍។ បេសកកម្មការទូតរបស់អ៊ីស្រាអែល និយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១២ ខែមិថុនាកន្លងទៅថា របាយការណ៍ចុងក្រោយរបស់គណៈកម្មការនេះ មានបំណងនិទានរឿងប្រឌិតសង្រ្គាមហ្កាហ្សា ហើយនិងបង្ហាញថា សមាជិករបស់ពួកគេ ខ្វាយខ្វល់តែពីការវាយប្រហារអ៊ីស្រាអែល ជាជាងការពារមនុស្សនៅតំបន់ហ្កាហ្សា ។
នៅក្នុងរបាយការណ៍របស់ពួកគេ គណៈកម្មការនិយាយថា អ៊ីស្រាអែល បានបំផ្លិចបំផ្លាញអគារសាលារៀន និងសាកលវិទ្យាល័យជាង ៩០ភាគរយ ហើយនិងជាងពាក់កណ្តាលនៃទីតាំងសាសនា និងវប្បធម៌នៅតំបន់ហ្កាហ្សា ៕
