កាលពីខែមករា ឆ្នាំ ២០២៤ ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមក អំឡុងពេលកើនឡើងភាពតានតឹងមួយភ្លែតរវាងប្រទេសជិតខាងទាំង ២ ។
រយៈពេល ១៧ខែក្រោយមក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងសម្លាប់ក្រុមឧត្តមសេនីយ និងក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរជាច្រើននាក់របស់អ៊ីរ៉ង់ ប៉ាគីស្ថាន បានធ្វើការថ្កោលទោសភ្លាមៗសកម្មភាពរបស់អ៊ីស្រាអែល ។ ជម្លោះនេះដែរ នាំឲ្យមានភ័យអាសន្នផងដែរនៅប៉ាគីស្ថាន ស្របពេលព្រួយបារម្ភពីសន្តិសុខរបស់ខ្លួន ព្រោះពួកគេមានព្រំដែនជាប់ជាមួយអ៊ីរ៉ង់ ។
ទីក្រុងអ៊ីស្លាម៉ាបាដ បានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលថា បានបំពានលើអធិបតេយ្យភាពទឹកដីអ៊ីរ៉ង់ និងចាត់ទុកពួកគេថា កំពុងបង្កហេតុធំ ។

ក្រសួងការបរទេសប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ(UN) មានទំនួលខុសត្រូវរក្សាច្បាប់អន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លាននេះជាបន្ទាន់ ហើយនិងឲ្យអ្នកឈ្លានពានទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ ។
ខណៈពេលនោះដែរ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរស៊ីវិលអ៊ីរ៉ង់ គឺខុសច្បាប់ ហើយវានឹងជំរុញពិភពលោកឆ្ពោះទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរ ។
ពួកគេបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយភាគីអ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរស៊ីវិល នៅអ៊ីរ៉ង់ គឺខុសច្បាប់អន្តរជាតិ ។ អ៊ីស្រាអែលបានបង្កការគំរាមកំហែង ដែលមិនអាចទទួលយកបានចំពោះសន្តិសុខអន្តរជាតិ និងជំរុញឲ្យពិភពលោកធ្លាក់ក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរ ជាមួយនឹងផលវិបាកធ្ងន់ធ្ងរនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសអ៊ីស្រាអែលខ្លួនឯងផងដែរ ៕
