ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ បានប្រាប់ថា ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានបញ្ជូនសារទៅទីក្រុងវ៉ាស៊ីនតោនថា ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងត្រូវបានធ្វើឡើង ចំពោះសហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំនៅ UN ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺលោក Ali Bahreini បានប្រាប់អ្នកសារព័ត៌មានថា លោកបានមើលឃើញថា សហរដ្ឋអាមេរិកមាន «ជាប់ពាក់ព័ន្ធនឹងអ្វីដែលអ៊ីស្រាអែលកំពុងធ្វើ»។

អ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមផ្លូវអាកាស ដែលជាទំហំធំបំផុតមិនធ្លាប់មានលើអ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បន្ទាប់ពីបាននិយាយថា ខ្លួនបានសន្និដ្ឋានថា សាធារណរដ្ឋឥស្លាមជិតឈានដល់ការផលិតបានអាវុធនុយក្លេអ៊ែរហើយ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានត្រឹមតែធ្វើសកម្មភាពដោយប្រយោលប៉ុណ្ណោះ នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ នាពេលនេះ ក្នុងនោះរួមទាំងការជួយបាញ់ទម្លាក់មីស៊ីលដែលបាញ់សំដៅទៅអ៊ីស្រាអែលផងដែរ។ មន្ត្រីអាមេរិក ៣រូប បានប្រាប់សារព័ត៌មាន Reuters ថា ខ្លួនកំពុងដាក់ពង្រាយយន្តហោះចម្បាំងបន្ថែមទៀត នៅតំបន់មជ្ឈិមបូព៌ា និងពង្រីកការដាក់ពង្រាយយន្តហោះចម្បាំងផ្សេងទៀត។
លោក Bahreini បាននិយាយថា អ៊ីរ៉ង់ក៏នឹងឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។ ពីទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូតរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារប្រជាជន សន្តិសុខ និងដែនដីរបស់យើងនោះទេ ហើយយើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដោយមិនអត់ធ្មត់ឡើយ»៕

