រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty និងសមភាគីរុស្ស៊ីរបស់លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលជាបន្ទាន់ ដោយតស៊ូមតិសម្រាប់ដំណោះស្រាយនយោបាយ និងការទូត និងការវិលត្រឡប់ទៅរកការចរចាឡើងវិញ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា មិនមានដំណោះស្រាយយោធាចំពោះវិបត្តិនេះទេ ដោយព្រមានថា ការកើនឡើងបន្ថែមទៀត អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។
ទាំងលោក Abdelatty និង លោក ឡាវរ៉ូវ បានបញ្ជាក់ថា ការស្តារភាពស្ងប់ស្ងាត់ឡើងវិញ គឺជាផ្លូវតែមួយគត់ ដើម្បីទប់ស្កាត់ជម្លោះនាពេលបច្ចុប្បន្ន កុំឲ្យរាលដាលដល់ប្រទេសជិតខាង និងតំបន់កាន់តែធំឡើង។
លោករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរលទ្ធផលនៃទំនាក់ទំនងនាពេលថ្មីៗនេះ ជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងតំបន់ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ។
