ក្រសួងមហាផ្ទៃបារាំង និយាយថា ដោយប្រឈមចំនួនកើនឡើងការឆ្លងកាត់ផ្លូវទឹក Channel របស់ជនអន្តោប្រវេសន៍ បារាំងសង្ឃឹមថានឹងបញ្ឈប់ទូកតូចៗបន្ថែមទៀតពីការទៅដល់អង់គ្លេស តាមរយៈការផ្លាស់ប្តូរបទបញ្ជារបស់ខ្លួននៃការចូលរួមស្កាត់ទូក ។
យោងតាមឯកសាររបស់ក្រសួងមហាផ្ទៃបារាំងដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា បារាំង និងអង់គ្លេស សង្ឃឹមថានឹងបញ្ចេញវិធានការថ្មីនៅកិច្ចប្រជុំកំពូលបារាំង-ចក្រភអង់គ្លេសនាខែក្រោយនេះ ។

ក្រសួងមហាផ្ទៃបារាំង និយាយថា ចំនួនជនអន្តោប្រវេសន៍ដែលបានមកដល់ចក្រភពអង់គ្លេសតាមផ្លូវទឹក Channel បានកើនឡើងចំនួន ៤២ភាគរយក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ ២០២៤ ដោយសារស្ថានភាពអាកាសធាតុអំណោយផល ហើយនិងបច្ចេកទេសថ្មី ក្នុងការបង្ហាប់ទូកយ៉ាងណែន ។
បច្ចុប្បន្នក្រុមអាជ្ញាធរបារាំងអាចសង្រ្គោះជនអន្តោប្រវេសន៍ បើសិនជាពួកគេជួបគ្រោះថ្នាក់នៅក្នុងសមុទ្រ ។ ការផ្លាស់ប្តូរបទបញ្ជា នឹងអនុញ្ញាតឲ្យក្រុមអាជ្ញាធរស្កាត់ទូកតូចៗដែលនៅចម្ងាយ ៣០០ម៉ែត្រពីមាត់សមុទ្រ ។
ក្រោយជំនួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅប្រទេសកាណាដាក្នុងសប្តាហ៍នេះ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើអន្តោប្រវេសន៍ គួរតែជាការផ្តោតសំខាន់នៅកិច្ចប្រជុំកំពូលនៅខែកក្កដា លើស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំងនៅផ្លូវទឹក Channel ។
នៅមុនជំនួបកំពូលមួយនេះ លោក Macron នឹងធ្វើដំណើរទៅកាន់អង់គ្លេស សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាពេលដែលលោកនឹងជួបជាមួយព្រះមហាក្សត្រ Charles ៕
