ប្រទេសចិនបាននិយាយបកវិញធ្ងន់ៗ ចំពោះក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) ពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបានស្តីបន្ទោសមន្ត្រីជាន់ខ្ពស់អឺរ៉ុប ជុំវិញការរិះគន់គោលនយោបាយសេដ្ឋកិច្ច និងរ៉ែកម្ររបស់ទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានតវ៉ាជាផ្លូវការប្រឆាំងនឹងសេចក្តីថ្លែងការណ៍ដែលចេញដោយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G7 នៅទីក្រុង Alberta ដែលបានអំពាវនាវឲ្យប្រទេសចិន «ចៀសវាងកុំធ្វើឲ្យខូចទ្រង់ទ្រាយទីផ្សារ និងផលិតផលិតផលលើសតម្រូវការទីផ្សារដែលបង្កគ្រោះថ្នាក់»។
អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំង នាថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ លោក Guo បានឆ្លើយតបដោយហៅការអត្ថាធិប្បាយនេះថា «គ្មានការទទួលខុសត្រូវ» «បំភ្លៃ» និងជា «ការលាបពណ៌»។
បើយោងតាមសេចក្តីថ្លែងការណ៍នោះ បានបង្ហាញថា លើសពីការព្រួយបារម្ភលើគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម មេដឹកនាំ G7 ក៏បានពិភាក្សាអំពី «ក្ដីបារម្ភ ជុំវិញសកម្មភាពអស្ថិរភាព នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង និងសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
លោក Guo បានបដិសេធថា មិនមាន «ផលិតផលលើសតម្រូវការ និងការធ្វើឲ្យខូចទ្រង់ទ្រាយទីផ្សារ» ដែលបណ្តាលមកពីសកម្មភាពរបស់ចិនឡើយ ដោយនិយាយថា ការអះអាងបែបនេះ គ្រាន់តែជា «លេស ដើម្បីអនុវត្តគោលនយោបាយគាំពារនិយមផ្នែកពាណិជ្ជកម្ម» និងទប់ស្កាត់ឧស្សាហកម្មរបស់ប្រទេសចិនប៉ុណ្ណោះ។ លោកបានបន្ថែមថា សេចក្តីថ្លែងការណ៍នេះ «បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងរំលោភលើគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»៕