ហុកគី៖ សហព័ន្ធកីឡាហុកគីកម្ពុជាបានរៀបចំការប្រកួតធ្វើតេស្ដសមត្ថភាព ក្រុមកីឡាការិនីជម្រើសជាតិរយៈពេល ២ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីជ្រើសរើសកីឡាការិនីមានសមត្ថភាព បច្ចេកទេស និងសិទ្ធផលខ្ពស់សម្រាប់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់នាឆ្នាំ២០២២។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការធ្វើតេស្ដនេះគឺគោរពតាមបទដ្ឋានបច្ចេកទេសរបស់កីឡាហុកគី តាមរយៈការប្រកួតរវាងក្រុមកីឡាការិនីជម្រើសជាតិ ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោបច្ចុប្បន្ន ជាមួយនឹងកីឡាការិនីមួយចំនួនដែលសហព័ន្ធបានជ្រើសរើសមកពីបណ្ដាក្លិប។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំការប្រកួតគឺជាការធ្វើតេស្ដនេះគឺដើម្បីប្រកួតប្រជែងគ្នា និងចម្រាញ់រកកីឡាការិនីដែលមានការខិតខំប្រឹងប្រែង មានសមត្ថភាព និងបច្ចេកទេសល្អ ហើយអ្នកដែលមានសិទ្ធផលខ្ពស់ សហព័ន្ធនឹងបន្ដរក្សាទុកសម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិឆ្នាំ២០២២ ហើយកីឡាការិនីណាដែលមានសិទ្ធផលធ្លាក់ចុះសហព័ន្ធនឹងធ្វើការផ្លាស់ប្ដូរ ទៅតាមនិយាមបច្ចេកទេសរបស់កីឡាហុកគី។
យ៉ាងណាក្ដី ទោះបីការធ្វើតេស្ដមានជាប់ មានធ្លាក់ក៏ពិតមែន ប៉ុន្ដែក្នុងនាមសហព័ន្ធ លោក កាំង សុធា បានលើកទឹកចិត្ត និងជំរុញដល់កីឡាការិនីដែលមិនបានជាប់ឈ្មោះប្រមូលផ្ដុំជម្រើសជាតិនាឆ្នាំក្រោយ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពខ្លួនបន្ថែមដើម្បីត្រៀមចូលរួមប្រកួតប្រជែង ក៏ដូចជាការធ្វើតេស្ដនាឆ្នាំក្រោយៗទៀត ពិសេសគឺដើម្បីគោលដៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទាំងអស់គ្នា។ អគ្គលេខាធិការសហព័ន្ធដដែលបានបញ្ជាក់ថា កីឡាហុកគីមានទាំងផ្នែកបុរស និងនារី តែក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់គោលការណ៍ប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិតែក្រុមនារីប៉ុណ្ណោះ ក្នុងនោះគឺមានកីឡាការិនី ១១នាក់ និងគ្រូ ២នាក់។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិ CAMSOC ក៏បានផ្ដល់គ្រូបង្វឹកបរទេសកម្រិតខ្ពស់ម្នាក់ ដើម្បីជំរុញការហ្វឹកហាត់ឲ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា