កម្មវិធីផ្ញើសារ WhatsApp បានប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភថា សេវាកម្មរបស់កម្មវិធីនឹងត្រូវបានបិទនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទូរទស្សន៍រដ្ឋ បានជំរុញឲ្យសាធារណជនលុបអេបនេះ ដោយផ្ដល់ហេតុផលថា កម្មវិធីនេះកំពុងចែករំលែកទិន្នន័យជាមួយប្រទេសអ៊ីស្រាអែល ដែលជាគូអរិដ៏ស្រួចស្រាល់។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា) ទូរទស្សន៍រដ្ឋ IRIB បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឲ្យលុប WhatsApp ចេញពីទូរសព្ទរបស់ខ្លួន ដោយចោទប្រកាន់ថា កម្មវិធីនេះបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និង «ទីតាំង និងទំនាក់ទំនងដែលត្រូវបានដឹងចុងក្រោយ» ហើយចែករំលែកជាមួយអ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ WhatsApp បានច្រានចោលការអះអាងរបស់ទូរទស្សន៍ IRIB ដោយបញ្ជាក់ថា សារទាំងអស់ដែលបានផ្ញើនៅលើកម្មវិធីនេះ គឺជាភាពឯកជន ពោលគឺ «ត្រូវបានការពារសុវត្ថិភាពដោយកូដ» ដោយមានតែអ្នកផ្ញើ និងអ្នកទទួលប៉ុណ្ណោះដែលអាចចូលមើលសារបាន។
អ្នកនាំពាក្យបានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបារម្ភថា របាយការណ៍មិនមែនជាការពិតទាំងនេះ នឹងក្លាយជាលេស ដើម្បីឲ្យសេវាកម្មរបស់យើងត្រូវបានបិទ នៅពេលដែលមនុស្សភាគច្រើនត្រូវការប្រើប្រាស់វា។ យើងមិនបានតាមដានទីតាំងច្បាស់លាស់របស់អ្នកទេ យើងមិនរក្សាកំណត់ហេតុ អំពីអ្នកដែលគ្រប់គ្នាកំពុងផ្ញើសារទៅ ហើយយើងមិនបានតាមដានសារផ្ទាល់ខ្លួនដែលមនុស្សកំពុងផ្ញើឲ្យគ្នាទៅវិញទៅមកនោះឡើយ។ ហើយជាមួយគ្នានេះ WhatsApp ក៏មិនផ្តល់ព័ត៌មានដល់រដ្ឋាភិបាលណាមួយដែរ»។
អ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរ និងយោធា ព្រមទាំងតំបន់លំនៅឋានផងដែរ។ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងយានដ្រូន ហើយនៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានប្រាប់ថា ខ្លួនបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងសំដៅទៅដែនដីអ៊ីស្រាអែល៕