មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងមិនទទួលយកការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpឲ្យចុះចាញ់ដោយឥតលក្ខខណ្ឌនោះទេ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងរបស់លោកចាប់តាំងពីថ្ងៃសុក្រ ពេលដែលលោកថ្លែងសុន្ទរកថាផ្សាយលើសារព័ត៌មានរដ្ឋ ក្រោយអ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ លោក Khamenei និយាយថា សន្តិភាព ឬសង្រ្គាម មិនអាចដាក់លើសាធារណរដ្ឋអ៊ិស្លាមបានឡើយ ។
លោកនិយាយថា មនុស្សចារកម្មដែលស្គាល់អ៊ីរ៉ង់ ជាតិអ៊ីរ៉ង់ និងប្រវត្តិសាស្រ្តរបស់ពួកយើង ពុំដែលនិយាយមកកាន់ប្រទេសនេះ ដោយប្រើភាសាគំរាមកំហែងបែបហ្នឹងនោះទេ ពីព្រោះថា ជាតិអ៊ីរ៉ង់ នឹងមិនចុះចាញ់ឡើយ ។
លោកនិយាយទៀតថា អាមេរិកគួរដឹងថា រាល់ការអន្តរាយគមន៍យោធាសហរដ្ឋអាមេរិក ច្បាស់ណាសថានឹងអមដោយការខូចខាតមិនអាចជួសជុលបាន ។
មនុស្សរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់នៅថ្ងៃពុធនេះ ក្រោយយន្តហោះចម្បាំងអ៊ីស្រាអែល ទម្លាក់គ្រាប់លើទីក្រុងមួយនេះ កាលពីយប់កន្លងទៅ ហើយប្រភពបាននិយាយថា លោក Trump ពិចារណាលើកជម្រើសដែលរួមទាំងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។
យោធាអ៊ីស្រាអែល និយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល ៥០គ្រឿង បានវាយប្រហារគោលដៅ ២០កន្លែងនៅក្នុងទីក្រុងតេអេរ៉ង់ កាលពីយប់កន្លងទៅ រួមទាំងទីតាំងផលិតវត្ថុធាតុដើម សមាសធាតុ និងប្រព័ន្ធផលិតកម្មសម្រាប់មីស៊ីល ៕