រដ្ឋាភិបាលកណ្តាល-ស្ដាំនិយមដែលមានសំឡេងភាគតិច បានចូលកាន់អំណាចជាផ្លូវការហើយ នៅក្នុងប្រទេសព័រទុយហ្គាល់ នាថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ បន្ទាប់ពីសភាបានច្រានចោលញត្តិរបស់ក្រុមប្រឆាំងដ៏តូចមួយ គឺបក្ស Communist Party (គណបក្សកុម្មុយនីស្ត) ដែលអំពាវនាវឲ្យបដិសេធកម្មវិធីនយោបាយរបស់រដ្ឋបាលថ្មី។
នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន រដ្ឋាភិបាលសន្យាថា នឹងបន្តកាត់បន្ថយពន្ធ សម្រាប់វណ្ណៈកណ្តាល និងក្រុមហ៊ុន រក្សាអតិរេកថវិកា និងមានការសន្ទនាជាអចិន្ត្រៃយ៍ជាមួយបក្សប្រឆាំង លើបញ្ហាសំខាន់ៗ ដូចជាអន្តោប្រវេសន៍ជាដើម។
សមាជិករបស់បក្ស Communist Party ដែលមានត្រឹមតែ ៣អាសនៈ នៅក្នុងសភាដែលមានសមាជិកចំនួន ២៣០រូប បានចោទប្រកាន់រដ្ឋាភិបាលថ្មីនៅក្នុងញត្តិរបស់ខ្លួនថា បានធ្វើការ «ផ្ទុយនឹងផលប្រយោជន៍របស់កម្មករ» ហើយក៏បានប្រឆាំងនឹងផែនការបង្កើនការចំណាយការពារជាតិដល់ ២ភាគរយនៃទិន្នផលជាតិផងដែរ។
ប៉ុន្តែគណបក្សប្រឆាំងដ៏ធំបំផុត គឺ Chega ដែលមាននិន្នាការស្ដាំនិយមជ្រុល និងបក្សសង្គមនិយម ដែលមាននិន្នការកណ្តាល-ឆ្វេងនិយម បានផ្តល់ការសន្យានៅមុននេះថា នឹងបោះឆ្នោតប្រឆាំងនឹងញត្តិនេះ ដោយបើកផ្លូវឲ្យបក្ស Democratic Alliance (AD) របស់លោកនាយករដ្ឋមន្ត្រី Luis Montenegro ឡើងដឹកនាំប្រទេស។
លោក Montenegro បានបន្តរក្សាទុករដ្ឋមន្ត្រីសំខាន់ៗដដែលភាគច្រើន នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក បន្ទាប់ពីបក្ស AD បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី១៨ ខែឧសភា។ តែបើទោះបីជាបក្ស AD ទទួលបានអាសនៈច្រើនជាងនៅក្នុងការបោះឆ្នោតពីមុនក៏ដោយ ក៏គណបក្សនេះជាថ្មីម្ដងទៀត មិនទទួលបានសំឡេងភាគច្រើនដាច់ខាត នៅក្នុងសភាដែលមានការបែកបាក់ ខណៈដែលក្រុមប្រឆាំងរដ្ឋាភិបាល និងប្រឆាំងអន្តោប្រវេសន៍ គឺបក្ស Chega បានលេចមុខឡើងក្នុងនាមជាកម្លាំងប្រឆាំងដ៏ធំ៕