សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានបន្តស្រក់ទឹកភ្នែក ខណៈពេលដែលសម្តេចរំលឹកដល់ដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ស្បៃរាត្រី កាល ពីជាង៤០ឆ្នាំមុន ពោលគឺដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (ដំណើរទៅ កាន់ប្រទេសវៀតណាម) ដើម្បីស្នើសុំកម្លាំងវៀតណាមជួយរំដោះប្រជាជនកម្ពុជាចេញពីរបបដ៏ខ្មៅងងិត របស់ខ្មែរក្រហម។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា«ជាមួយទឹកភ្នែករាប់ម៉ឺន រាប់សែន រាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ»។ សម្តេចបានរំលឹកទៀតថា«ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបានបើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ដើម្បីធ្វើការរំដោះជាតិកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។
ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។
បើតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូបផ្សេងទៀត ដែលបានរៀបរាប់ខាងលើ បានចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» បានធ្វើឡើងជារៀងរាល់ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះផងដែរ៕អត្ថបទបាន ចក់











