បន្ទាប់ពីកិច្ចប្រជុំក្នុងបន្ទប់ពិភាក្សាបញ្ហាបន្ទាន់(Situation Room )កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកប្រធានាធិបតី Donald Trump បានប្រាប់ក្រុមទីប្រឹក្សាជាន់ខ្ពស់ថា លោកបានយល់ព្រមលើផែនការវាយប្រហារលើអ៊ីរ៉ង់ដែលត្រូវបានបង្ហាញដល់លោក ប៉ុន្តែលោកបាននិយាយថាលោកកំពុងរង់ចាំមើលថាតើអ៊ីរ៉ង់មានឆន្ទៈក្នុងការពិភាក្សាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬយ៉ាងណា។ លោក Trump ធ្វើឱ្យពិភពលោកបន្តទស្សន៍ទាយលើបញ្ហាអ៊ីរ៉ង់ដោយប្រាប់ឱ្យអ៊ីស្រាអែលបន្តបេសកកម្មរបស់ខ្លួន។

ព័ត៌មាននៃការអនុម័តផែនការវាយប្រហារត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Wall Street Journal។លោកTrumpពុំទាន់បានធ្វើការសម្រេចចិត្តចុងក្រោយណាមួយលើការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយខណៈផែនការវាយប្រហារត្រៀមខ្លួនរួចរាល់ហើយនោះ លោកមិនទាន់សម្រេចចិត្តថាតើត្រូវផ្តល់បញ្ជាចុងក្រោយ និងដំណើរការផែនការនោះឬយ៉ាងណានោះទេ។
លោកTrump កាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះដែរ បានបញ្ចប់កិច្ចប្រជុំមួយផ្សេងទៀតនៅក្នុងបន្ទប់ពិភាក្សាបញ្ហាបន្ទាន់ ជាមួយក្រុមសន្តិសុខជាតិរបស់លោក។
គេរំពឹងថាប្រធានាធិបតី នឹងត្រូវបង្ហាញជាមួយនឹងផែនការវាយប្រហារសម្រាប់ការអនុម័តក្នុងបន្ទប់ប្រជុំស្ថានការណ៍បន្ទាន់នោះ ស្របពេលកំពុងពិចារណាថាតើត្រូវចូលទៅក្នុងជម្លោះនោះឬ បញ្ចៀស ជម្លោះកុំឲ្យរីកធំ។
ដូចដែលសារព័ត៌មាន ABC បានរាយការណ៍បែបនេះ ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន ABC News ថាប្រធានាធិបតីត្រូវបានបង្ហាញជម្រើសជាច្រើនដោយក្រុមសន្តិសុខជាតិរបស់លោកដែលរូបលោកកំពុងពិចារណា រួមទាំងការប្រើប្រាស់យោធារបស់សហរដ្ឋអាមេរិកដើម្បីវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ Fordo ដែលត្រូវបានសាងសង់ឡើងក្រោមភ្នំមួយកន្លែង និងត្រូវបានការពារដោយថ្មយ៉ាងក្រាស់ ៕


