ប្រភពការទូតអាល្លឺម៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដែលជាមហាអំណាចអឺរ៉ុបទាំងបី ហៅថា E3 គ្រោងនឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយសមភាគីអ៊ីរ៉ង់ នៅថ្ងៃសុក្រ (២០ មិថុនា) ស្អែកនេះ នៅទីក្រុងហ្សឺណែវ។

ប្រភពបាននិយាយថា បណ្ដារដ្ឋមន្ត្រីទាំងអស់នឹងជួបជាលើកដំបូងជាមួយប្រមុខការទូតរបស់សហភាពអឺរ៉ុប គឺលោកស្រី Kaja Kallas នៅឯបេសកកម្មអចិន្ត្រៃយ៍របស់អាល្លឺម៉ង់ ក្នុងទីក្រុងហ្សឺណែវ មុនពេលបើកកិច្ចប្រជុំរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។
គំនិតផ្តួចផ្តើមរបស់អ៊ឺរ៉ុបនេះ កើតឡើងស្របពេលមានការភ័យខ្លាចនៃជម្លោះពេញបន្ទុក ដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារផ្នែកយោធាយ៉ាងទូលំទូលាយទៅលើសត្រូវអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ហើយអ៊ីរ៉ង់ បានបញ្ជូនរលកមីស៊ីលទៅកាន់គោលដៅរបស់អ៊ីស្រាអែល ជាការសងសឹក។
គោលបំណងនៃការចរចារវាងអ៊ីរ៉ង់ និងអឺរ៉ុប ដែលប្រភពអាល្លឺម៉ង់បាននិយាយថាកំពុងធ្វើឡើងក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនេះ គឺដើម្បីបញ្ចុះបញ្ចូលភាគីអ៊ីរ៉ង់ ឱ្យធានាយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។
អ៊ីស្រាអែលបាននិយាយថា គោលដៅរបស់ខ្លួនគឺលុបបំបាត់សមត្ថភាពរបស់ក្រុងតេអេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បដិសេធថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមិនមែនសម្រាប់គោលបំណងយោធានោះទេ៕


