ការគិតទុកនៃលទ្ធភាពដែលសហរដ្ឋអាមេរិក វាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ បានលាតត្រដាងការបែកបាក់យ៉ាងជ្រៅនៅក្នុងសម្ព័ន្ធភាពនៃអ្នកគាំទ្រ ដែលបាននាំលោកប្រធានាធិបតី Donald Trump ឱ្យឡើងកាន់អំណាច ដោយមានក្រុមមន្រ្តីគណបក្សមួយចំនួនរបស់លោក បានជំរុញប្រធានាធិបតីរូបនេះកុំឱ្យទាញសហរដ្ឋអាមេរិក ទៅចូលរួមក្នុងសង្គ្រាមថ្មីនៅមជ្ឈិមបូព៌ា។

សម្ព័ន្ធមិត្តបក្សសាធារណៈរដ្ឋដ៏លេចធ្លោមួយចំនួនរបស់លោក Trump រួមទាំងឧត្តមសេនីយឯក Steve Bannon បានដឹងខ្លួនថា ពួកគេកំពុងស្ថិតក្នុងជំហរមិនធម្មតានៃការខ្វែងគំនិតយ៉ាងខ្លាំងជាមួយប្រធានាធិបតី ជុំវិញសកម្មភាពយោធានៅមជ្ឈិមបូព៌ា។
លោក Bannon ដែលជាសំឡេងដ៏មានឥទ្ធិពលមួយមកពីសម្ព័ន្ធ "យកអាមេរិកជាធំ" របស់លោក Trump កាលពីថ្ងៃពុធ (១៨ មិថុនា) បានព្រមានឱ្យគិតឡើងវិញយ៉ាងប្រុងប្រយ័ត្នអំពីយោធាសហរដ្ឋអាមេរិក ដែលចូលរួមជាមួយអ៊ីស្រាអែល ក្នុងការព្យាយាមបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងករណីដែលពុំមានកិច្ចព្រមព្រៀងការទូត។
ក្រុមមន្រ្តីបក្សសាធារណៈរដ្ឋផ្សេងទៀតដែលរិះគន់ប្រឆាំងអន្ដរាគមន៍បែបនេះ កំពុងតាមដានដោយភាពអាសន្ន ខណៈលោក Trump បានផ្លាស់ប្តូរជំហរយ៉ាងឆាប់រហ័ស ចេញពីការស្វែងរកដំណោះស្រាយការទូតដោយសន្តិវិធីជាមួយអ៊ីរ៉ង់ ទៅរកជំហានដ៏គ្រោះថ្នាក់មួយដែលអាមេរិក គាំទ្រយុទ្ធនាការយោធារបស់សម្ព័ន្ធមិត្តអ៊ីស្រាអែល រួមទាំងការប្រើប្រាស់គ្រាប់បែកទម្ងន់ជាង ១៣.៦០០គីឡូក្រាម ដែលអាចពុះជ្រែកចូលយ៉ាងជ្រៅទៅក្រោមដីមុនពេលផ្ទុះ។
អ៊ីរ៉ង់ព្រមានថានឹងមានផលវិបាកធំសម្រាប់ជនជាតិអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចូលរួមយុទ្ធនាការយោធាជាមួយអ៊ីស្រាអែល ដោយមិនបានបញ្ជាក់ពីអ្វីដែលអាចនឹងកើតឡើងនោះទេ៕


