យោងតាមអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នេះ បានរិះគន់ខ្លាំងៗចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដើម្បីបង្កជម្លោះជាមួយប្រទេសអ៊ីរ៉ង់ និងបានព្រមានសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចអឺរ៉ុបថា«ធ្វើឲ្យរាលដាលសង្រ្គាម» ។

អ្នកនាំពាក្យបាននិយាយថា កូរ៉េខាងជើងបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ជុំវិញ «ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល និងបានថ្កោលទោសចំពោះការវាយប្រហារនេះ និងបាននិយាយថាការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែល គឺជា «ឧក្រិដ្ឋកម្មដែលពុំអាចលើកលែងទោសបានសម្រាប់ការប្រឆាំងមនុស្សជាតិ» ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា «ចំណាត់ការខុសច្បាប់នៃអំពើភេរវកម្មគាំទ្រដោយរដ្ឋអ៊ីស្រាអែល កំពុងបង្កើនគ្រោះថ្នាក់នៃសង្គ្រាមពេញបន្ទុកថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
អ៊ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបើកការវាយប្រហារដែលខ្លួនបាននិយាយថាបានកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបង្កឱ្យមានការបាញ់តគ្នាដោយមីស៊ីលដាក់គ្នាទៅវិញទៅមក។