ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធ (១៨ មិថុនា) ដោយដកស្រង់សម្តីលោក Sergei Shoigu ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា កូរ៉េខាងជើង នឹងបញ្ជូន "អង្គភាពសាងសង់ កងពលតូចយោធាចំនួនពីរ - ពោលគឺកម្លាំងមនុស្ស ៥.០០០នាក់" ក៏ដូចជាបុគ្គលិកដោះមីនចំនួន ១.០០០នាក់ ទៅកាន់តំបន់ Kursk ភាគិខាងលិចរបស់ខ្លួន។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅសប្តាហ៍នេះថា ក្នុងចំណោមទាហានកូរ៉េខាងជើង ១០.០០០នាក់ ដែលត្រូវបញ្ជូនរួចហើយឱ្យទៅប្រយុទ្ធជាមួយអ៊ុយក្រែន មានអ្នកស្លាប់ និងរបួស ៦.០០០នាក់ ។ របាយការណ៍របស់រុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានលើកឡើងថា បុគ្គលិកថ្មីរាប់ពាន់នាក់នោះនឹងត្រូវដាក់ឱ្យធ្វើការនៅតំបន់ Kursk ដែលត្រូវវាយប្រហារដោយអ៊ុយក្រែន កាលពីឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីរាយការណ៍ថា លោក Shoigu ដែលបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃអង្គារ បានពណ៌នាការបញ្ជូនកម្លាំងបន្ថែមនេះថាជា "ជំនួយពីបងប្អូន"។ ប្រទេសជិតខាងកូរ៉េខាងត្បូង និងជប៉ុន បានរិះគន់ផែនការនេះភ្លាមៗ ដោយទីក្រុងសេអ៊ូល និយាយថា សកម្មភាពកូរ៉េខាងជើងជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
អស់ជាច្រើនខែមកនេះ ការព្រួយបារម្ភបានរីករាលដាលជុំវិញកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរដ្ឋទាំងពីរ បន្ទាប់ពីមានរបាយការណ៍ថា ទាហានកូរ៉េខាងជើង រាប់ពាន់នាក់កំពុងជួយរុស្ស៊ី ប្រយុទ្ធនឹងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន៕

