ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានប្រទេសអាល្លឺម៉ង់ថា ទីក្រុងមូស្គូ នឹងចាត់ទុកថា អាល្លឺម៉ង់មានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើទីក្រុងប៊ែរឡាំង ផ្គត់ផ្គង់ទៅឲ្យទីក្រុងគីវនូវមីស៊ីលស៊ីបគោលដៅ Taurus ប៉ុន្តែបាននិយាយថា លោកបានត្រៀម រួចរាល់ ដើម្បីពិភាក្សាជាមួយអធិការបតី លោក Friedrich Merz ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីដើមខែនេះថា អាល្លឺម៉ង់ មិនពិចារណាក្នុងការផ្តល់មីស៊ីលស៊ីបគោលដៅ Taurus ដែលមានរយៈចម្ងាយលើសពី៤៨០គីឡូម៉ែត្រ ដល់អ៊ុយក្រែននោះទេ ទោះបីជាមានការស្នើសុំដដែលៗពីទីក្រុងគីវក៏ដោយ។

លោក Putin បាននិយាយថា ដើម្បីបាញ់មីស៊ីលTaurus អ៊ុយក្រែននឹងត្រូវការចារកម្មផ្កាយរណបលោកខាងលិច ហើយមន្ត្រីអាល្លឺម៉ង់ នឹងយកចិត្តទុកដាក់លើការដាក់គោលដៅ ហើយប្រសិនបើវាត្រូវបានបាញ់ទៅលើរុស្ស៊ី នោះមានន័យថា មន្រ្តីអាល្លឺម៉ង់ វាយប្រហារលើទឹកដីរុស្ស៊ី។
លោក Putin បាននិយាយបន្ថែមថា ទោះបីជាប្រទេសអាល្លឺម៉ង់ ពិតជាបានផ្គត់ផ្គង់មីស៊ីលក៏ដោយ វានឹងមិនមានផលប៉ះពាល់ដល់ដំណើរចុងក្រោយនៃសង្រ្គាមនោះទេ ដោយលោកបាននិយាយថា ទាហានរុស្ស៊ីកំពុងរុលទៅមុខគ្រប់គោលដៅ។ នៅពេលត្រូវបានសួរថាតើ លោកមានឆន្ទះពិភាក្សាជាមួយ លោក Merz ដែរឬទេ លោកPutin ដែលជាអ្នកនិយាយភាសាអាល្លឺម៉ង់បានស្ទាត់ជំនាញផងដែរនោះ បាននិយាយថា លោកត្រៀមរួចរាល់សម្រាប់ការពិភាក្សា។