បាល់ទាត់៖ ក្រុមជើងឯករងច្រើនសម័យជាងគេឥណ្ឌូនេស៊ី បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Championship ជាលើកទី៦ ក្រោយទំលាក់ក្រុមម្ចាស់ផ្ទះសិង្ហបុរីក្នុងម៉ោងបន្ថែមកាត់សេចក្តី។ បន្ទាប់ពីស្មើគ្នាជើងទីមួយ ១-១ ក្រុមទាំងពីរមកស្មើគ្នាម្តងទៀតនៅជើងទី២ នេះ ២-២ ក្រោយចប់ ៩០នាទី។

Ezra Walian បើកការនាំមុខឱ្យឥណ្ឌូនេស៊ីនៅនាទីទី១១ មុនពេលដែល Ui-Young Song តាមស្មើវិញឱ្យសិង្ហបុរីនៅនាទីទី៤៥+៥ ទៅហើយ។ ឈានចូលវគ្គទី២ ម្ចាស់ផ្ទះក៏ទទួលបានកាតក្រហមកីឡាករ Irfan Fandi តែមិនថ្វីទេគ្នាតិចជាងមែនសិង្ហបុរីក៏ស៊ុតបាល់ Freekick នាំមុខ ២-១ នៅនាទីទី៧៤ ដោយ Shahdan Sulaiman។ យ៉ាងណាក្តីមុនចប់ការប្រកួតឥណ្ឌូនេស៊ីក៏តាមស្មើបានសំរេចនៅនាទីទី៨៧ ដោយ Pratama Arhan។ ឈានដល់វគ្គបន្ថែម ១៥នាទីពីរដងចាប់ផ្តើមបានតែ ១នាទីសិង្ហបុរីភ្លាត់ចូលទីខ្លួនឯងដោយ Shawal Anuar មុនពេលដែល Egi Vikri ធានាជ័យជំនះនៅនាទីទី១០៥+២ ខណៈសិង្ហបុរីបាត់បង់កីឡាករម្នាក់ទៀតនៅនាទីទី១១៩ គឺ Hassan Sunny ទទួលបានកាតក្រហម។
គ្រូបង្វឹកឥណ្ឌូនេស៊ីលោក Shin Tae-Yong និយាយថា នេះជាការប្រកួតក្រឡាប់ចាក់មួយដែលរួមផ្សំទាំងសំណាង និងស៊យ តែមិនអីទេក្រុមរបស់លោកធ្វើបានសំរេចនៅទីបំផុត។ រីឯគ្រូបង្វឹកសិង្ហបុរីលោក Tatsuma Yoshida បាននិយាយអរគុណដល់អ្នកគាំទ្រ និងមិនមានអ្វីបកស្រាយចំពោះបរាជ័យថ្ងៃនេះ កីឡាករទាំងអស់ប្រឹងអស់ពីលទ្ធភាពហើយ។ សូមរំលឹកថា ឥណ្ឌូនេស៊ីជាក្រុមដែលឈានឡើងវគ្គផ្តាច់ព្រ័ត្រមិនដែលឈ្នះចំនួន ៥លើកមកហើយ ខណៈសិង្ហបុរីខកឱកាសឡើងប្រជែងជើងឯកលើកទី៥ របស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ