ប្រជាជន និងធុរកិច្ចនៅក្នុងសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយដ៏កក្រើកក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែរឿងមួយនៅតែថេរគឺអត្រាការប្រាក់ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក។ ធនាគារកណ្តាលបានជាប់គាំងជាមួយនឹងយុទ្ធសាស្រ្តនោះកាលពីថ្ងៃពុធ (១៨ មិថុនា) ដោយទុកឱ្យអត្រាការប្រាក់សំខាន់របស់ខ្លួនមិនផ្លាស់ប្តូរជាលើកទី៤ ទោះបីជាការរំពឹងទុករបស់ក្រុមមន្ត្រីសម្រាប់សេដ្ឋកិច្ច កាន់តែអាក្រក់ក៏ដោយ ជាពិសេសក្នុងពេលភាពច្របូកច្របល់រឿងដំឡើងពន្ធ។

ការសម្រេចចិត្តនេះគឺជាលើកទី៤ ជាប់ៗគ្នាហើយ ដោយរក្សាអត្រាឥណទានដ៏មានឥទ្ធិពលរបស់ធនាគារនៅរង្វង់ ៤,៣% ដែលជាតួលេខតាំងតែពីខែធ្នូឆ្នាំមុនមក។ វិធានការនេះបានកើតឡើង ខណៈការព្យាករពីអ្នកបង្កើតគោលនយោបាយ បានលើកឡើងថានឹងមានកំណើនយឺត ភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាឡើងលឿនជាងកាលពីប៉ុន្មានខែមុនទៅទៀត។
ជាធម្មតា ធនាគារកណ្ដាលនឹងកាត់បន្ថយអត្រាលើការខ្ចីប្រាក់ ប្រសិនបើខ្លួនជឿថាសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយនឹងដំឡើងអត្រាការប្រាក់វិញ ប្រសិនបើតម្លៃចាប់ផ្តើមឡើងលឿនពេក។ លោកប្រធានាធិបតី Donald Trump បានអំពាវនាវម្តងហើយម្តងទៀតឱ្យ ធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ ខណៈជំរុញឱ្យមានការផ្លាស់ប្តូរសំខាន់ៗចំពោះគោលនយោបាយសេដ្ឋកិច្ច រួមទាំងការដំឡើងពន្ធលើទំនិញពីជុំវិញពិភពលោក។
ក្រុមមន្ត្រីរបស់ធនាគារកណ្ដាល ដែលមានសិទ្ធិអំណាចក្នុងការកំណត់អត្រាការប្រាក់ដោយឯករាជ្យពីសេតវិមាន បាននិយាយថា ពួកគេបារម្ភណាស់ថា ការហក់ឡើងនៃតម្លៃទំនិញដោយសារតែការយកពន្ធថ្មីៗជាច្រើនរបស់លោក Trump អាចក្លាយជាបញ្ហាដែលបន្តកើតមានរយៈពេលយូរ៕

