ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២ ទិសទី៣ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម ឃុំ-សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលតាមរយៈនេះ ប្អូនៗមន្ត្រីកសិកម្មឃុំ ចំនួន ១ ២៥០នាក់ ត្រូវបានជ្រើសរើស និងកំពុងបំពេញការងារ ខណៈដែលចំនួន ៣៥០នាក់ទៀត កំពុងត្រៀមជ្រើសរើសបន្ថែម ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម និងទីផ្សារជូនបងប្អូនកសិករ។

ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យប្អូនៗធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ និងស្នេីសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួង ក្នុងករណីចាំបាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ មុននឹងផ្តល់ការឆ្លើយតប ឬដំណោះស្រាយទៅប្រជាកសិករវិញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការឆ្លើយតប ក៏ដូចជាជំនឿទុកចិត្តរបស់កសិករ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ការងារសំខាន់មួយទៀតរបស់ប្អូនៗ គឺត្រូវព្យាយាមពន្យល់ប្រជាកសិករឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលើទស្សនាទាន "មានហូប មានប្រើ មានបាន និងមានរហូត", ជួយវិភាគ សេដ្ឋកិច្ច និងគណនាថ្លៃដើមផលិតដល់កសិករ និងលើក ទឹកចិត្តកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើនថែមទៀត ខណៈដែលក្រសួង នឹងបន្តខិតខំអនុវត្តយន្តការរក្សាលំនឹងតម្លៃកសិផលសំខាន់ៗក្នុងតម្លៃសមរម្យជូនកសិករ៕ អត្ថបទ៖ ឈិត បូរ៉ាវី

