ហ្វូងបាតុករនៅប្រទេសថៃ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជិតវិមានរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង បន្ទាប់ពីមានការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអតីតប្រមុខដឹកនាំកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេលដែលការតស៊ូអំណាច និងវិបត្តិនយោបាយនៅក្នុងប្រទេសថៃ កាន់តែជ្រៅខ្លាំងឡើង។
ការប្រមូលតវ៉ានេះកំពុងដឹកនាំដោយក្រុមបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដែលបានធ្វើបាតុកម្មជាច្រើនដងរួចមកហើយផងដែរ ដើម្បីទាមទារចម្លើយអំពីការគាំពារជាពិសេសដែលផ្តល់ឱ្យក្រុមគ្រួសាររបស់លោកស្រី Paetongtarn។

ប្រជាជនបានចាប់ផ្តើមទៅដល់មុននេះបន្តិចនៅស្ពាន Chamai Maruchet ខាងមុខវិមានរដ្ឋាភិបាល ជាទីដែលឆាកមួយត្រូវបានរៀបចំឡើង។ អ្នកចូលរួមបាតុកម្មនោះបានឡើងនិយាយលើឆាកប្ដូរវេនគ្នា ដោយផ្ដោតលើសាររបស់ខ្លួនលើការអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង។
សន្តិសុខនៅជុំវិញវិមានរដ្ឋាភិបាលមានភាពតឹងរ៉ឹង ដោយមានរថយន្តនគរបាលដាក់តម្រៀបតាមបរិវេណនោះ គ្រឿងបរិក្ខារបំពងសំឡេងក៏ត្រៀមរួចជាស្រេច និងមានមន្ត្រីមកពីប៉ុស្តិ៍នគរបាល Dusit និង Nang Lerng អង្គភាពការពារ និងត្រួតពិនិត្យហ្វូងមនុស្ស និងអង្គភាព Nam Whan ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់។ នគរបាលបានបង្កើតរនាំងបីជាន់ដើម្បីទប់ស្កាត់ហ្វូងមនុស្សនៅជើងស្ពានដើម្បីរារាំងបាតុករមិនឱ្យចូលក្នុងបរិវេណវិមានរដ្ឋាភិបាល៕



