ក្រសួងការបរទេស បានចាប់ផ្តើមជម្លៀសអ្នកការទូតដែលមិនសំខាន់ និងក្រុមគ្រួសាររបស់ពួកគេចេញពីស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែខ្លាំងឡើង ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ព្រមានពីលទ្ធភាពនៃការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះនេះ។

មន្ត្រីអាមេរិកពីររូប បាននិយាយថា យន្តហោះរបស់រដ្ឋាភិបាល បានជម្លៀសអ្នកការទូត និងសមាជិកគ្រួសារមួយចំនួន ដែលបានស្នើសុំចាកចេញពីប្រទេសនេះ កាលពីថ្ងៃពុធ។ ការជម្លៀសនេះ បានកើតឡើងភ្លាមៗ មុនពេលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែលលោក Mike Huckabee បានប្រកាសនៅបណ្តាញសង្គមX ថា ស្ថានទូតកំពុងរៀបចំផែនការសម្រាប់ការជម្លៀសតាមជើងហោះហើរ និងនាវាសម្រាប់ពលរដ្ឋអាមេរិកឯកជន។
មន្ត្រីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិពណ៌នាអំពីភាពចលាចលផ្នែកការទូតដ៏រសើប។

ក្រសួងការបរទេស បាននិយាយថា៖«ដោយសារស្ថានភាពដែលកំពុងបន្ត និងជាផ្នែកនៃស្ថានភាពចាកចេញដែលត្រូវបានអនុញ្ញាតរបស់ស្ថានទូត បុគ្គលិកបេសកកម្ម បានចាប់ផ្តើមចាកចេញពីប្រទេសអ៊ីស្រា អែលតាមមធ្យោបាយផ្សេងៗគ្នា»។ «ការចាកចេញដែលមានការអនុញ្ញាត» មានន័យថា បុគ្គលិកដែលមិនសំខាន់ និងក្រុមគ្រួសាររបស់បុគ្គលិកទាំងអស់ មានសិទ្ធិចាកចេញ ដោយរដ្ឋាភិបាលជាអ្នកចំណាយ។
ពុំមានការបញ្ជាក់ពីចំនួនអ្នកការទូត និងសមាជិកគ្រួសារប៉ុន្មាននាក់ ដែលបានចេញដំណើរតាមជើងយន្តហោះ ឬប៉ុន្មាននាក់ទៀត ដែលអាចចាកចេញតាមផ្លូវគោកទៅហ្ស៊កដានី ឬអេហ្ស៊ីបទេ។
ការជម្លៀស ការអត្ថាធិប្បាយសេញពីសេតវិមាន និងការចល័តយន្តហោះយោធា និងនាវាចម្បាំងរបស់ អាមេរិក ទៅកាន់និងនៅជុំវិញមជ្ឈិមបូព៌ា បានបង្កើនលទ្ធភាពនៃការចូលរួមកាន់តែជ្រៅរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះ ដែលគំរាមកំហែងដល់ការផ្ទុះសង្គ្រាមក្នុងតំបន់ កាន់តែធំឡើង។