ដងផ្លូវនានានៅក្នុងទីក្រុងតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បានស្ងាត់ជ្រងំ និងទទេស្អាត អាជីវកម្មនានាបិទទ្វារ បណ្ដាញទំនាក់ទំនងមានភាពរអាក់រអួល ហើយអារម្មណ៍ពលរដ្ឋស្ថិតក្នុងភាពភ័យខ្លាច។ ដោយមិនមានទីជំរកគ្រាប់បែកត្រឹមត្រូវបើកចំហជាសាធារណៈ មហាជនអ៊ីរ៉ង់ដែលភ័យស្លន់ស្លោ បានចំណាយពេលពេញមួយយប់នៅលើកម្រាលឥដ្ឋនៃស្ថានីយ៍រថភ្លើងក្រោមដី ខណៈការវាយប្រហារពីអ៊ីស្រាអែល បន្តផ្ទុះឡើងក្នុងថ្ងៃទី៧ នៅថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ។

នេះជាស្ថានភាពបច្ចុប្បន្នក្នុងទីក្រុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ក្នុងពេលមួយសប្តាហ៍ក្រោមការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ និងសមត្ថភាពយោធារបស់ខ្លួន។
បន្ទាប់ពីបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ អស់ជាច្រើនហើយ អ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួនមានអំណាចត្រួតត្រាដោយសេរីលើផ្ទៃមេឃរបស់ទីក្រុងតេអេរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រាប់អ្នកស្រុកប្រហែល ១០លាននាក់របស់ទីក្រុងតេអេរ៉ង់ ឱ្យជម្លៀសជបន្ទាន់ "ភ្លាមៗ"។
មនុស្សម្នារាប់ពាន់នាក់បានភៀសខ្លួន ដោយចំណាយពេលជាច្រើនម៉ោងក្នុងភាពកកស្ទះចរាចរណ៍ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់តំបន់ជាយក្រុង សមុទ្រកាសព្យែន ឬទៅប្រទេសអាមេនី ឬទួរគីជាដើម។ ប្រជាជនអ៊ីរ៉ង់ជាច្រើនមានអារម្មណ៍ថាមានជម្លោះក្នុងចិត្ត។ អ្នកខ្លះគាំទ្រការកំណត់គោលដៅរបស់អ៊ីស្រាអែល ទៅលើមន្ត្រីនយោបាយ និងយោធាអ៊ីរ៉ង់ ដែលពួកគេមើលឃើញថាជាការគាបសង្កត់ ប៉ុន្តែអ្នកផ្សេងទៀតការពារយ៉ាងម៉ឺងម៉ាត់ចំពោះសាធារណរដ្ឋអ៊ិស្លាមមួយនេះ និងការវាយប្រហារសងសឹកលើអ៊ីស្រាអែល៕


