ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃពុធ (១៨ មិថុនា) ដោយលើកឡើងពីប្រភពដែលដឹងពីស្ថានការណ៍នេះថា បណ្ដាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំសម្រាប់លទ្ធភាពនៃការវាយប្រហារលើអ៊ីរ៉ង់ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

សេចក្ដីរាយការណ៍ ដែលដកស្រង់សម្តីប្រភពទាំងនោះ បានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅតែមានការវិវត្ត និងអាចផ្លាស់ប្តូរបានគ្រប់ពេល។ ជាមួយគ្នានេះ ប្រភពមួយចំនួនទៀតរបស់ Bloomberg ក៏ចង្អុលបង្ហាញពីផែនការដែលអាចកើតឡើងខ្ពស់ សម្រាប់ការវាយប្រហារតាមច្រកអាកាសនៅចុងសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធ ខាងក្រៅសេតវិមាន លោក Trump បានបដិសេធមិនបញ្ជាក់ទេថា តើលោកបានធ្វើការសម្រេចចិត្តណាមួយរួចហើយឬនៅ អំពីថាតើត្រូវចូលរួមយុទ្ធនាការរបស់អ៊ីស្រាអែលឬក៏អត់។ លោកនិយាយថា "លោកអាចធ្វើរឿងនេះ ហើយក៏ប្រហែលជាមិនធ្វើដែរ។ ពុំមាននរណាម្នាក់អាចដឹងពីអ្វីដែលរូបលោកនឹងធ្វើឡើយ"។
កាសែត Wall Street Journal បានរាយការណ៍ថា លោក Trump បានប្រាប់ជំនួយការជាន់ខ្ពស់ថា លោកបានយល់ព្រមលើផែនការវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែកំពុងផ្អាកបទបញ្ជាចុងក្រោយ ដើម្បីរង់ចាំមើលថា តើទីក្រុងតេអេរ៉ង់ នឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឬយ៉ាងណា។
ក្រុមអ្នកវិភាគយោធាជឿថា អ៊ីស្រាអែល ប្រហែលជាត្រូវការជំនួយយោធារបស់សហរដ្ឋអាមេរិក ដើម្បីកម្ទេចមូលដ្ឋាននុយក្លេអ៊ែរ Fordow ដែលជីកយ៉ាងជ្រៅនៅក្រោមភ្នំក្បែរទីក្រុង Qom។ ប្រភពដែលដឹងពីការពិភាក្សាផ្ទៃក្នុងបាននិយាយថា លោក Trump និងក្រុមរបស់លោក កំពុងពិចារណាជម្រើសជាច្រើន ដែលរួមមានជម្រើសចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់៕


