ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃពុធ (១៨ មិថុនា) ថា រុស្ស៊ី បានបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហភាពអឺរ៉ុប តាមរយៈសកម្មភាពបំផ្លិចបំផ្លាញ និងការវាយប្រហារតាមអ៊ីនធឺណិត ប៉ុន្តែការចំណាយលើផ្នែកយោធាដ៏ច្រើនលើសលប់ថ្មីៗរបស់ទីក្រុងមូស្គូ បានបង្ហាញថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏មានគម្រោងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់លោកនៅកន្លែងផ្សេងទៀតនាពេលអនាគត។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា៖ "រុស្ស៊ីគឺជាការគំរាមកំហែងផ្ទាល់ដល់សហភាពអឺរ៉ុបរួចទៅហើយ"។ ប្រមុខការទូតរូបនេះបានរាយបញ្ជីការរំលោភដែនអាកាសរុស្ស៊ីជាបន្តបន្ទាប់ សមយុទ្ធយោធាបង្កហេតុ និងការវាយប្រហារលើបណ្តាញថាមពល បំពង់បង្ហូរប្រេង និងខ្សែកាប្លិ៍ក្រោមសមុទ្រ។
លោកស្រី Kallas សង្កត់ធ្ងន់ថា រុស្ស៊ីចំណាយលើវិស័យការពារជាតិច្រើនជាងប្រទេសទាំង២៧ របស់ប្លុកអឺរ៉ុប រួមបញ្ចូលគ្នាទៅទៀត ហើយនៅឆ្នាំនេះទីក្រុងមូស្គូនឹងបណ្តាក់ទុនបន្ថែម "លើវិស័យការពារជាតិ។ នោះជាផែនការរយៈពេលវែងសម្រាប់សកម្មភាពយោធា ព្រោះថារដ្ឋមួយមិនចាំបាច់ចំណាយច្រើនលើផ្នែកបែបនេះទេ ប្រសិនបើមិនមានគម្រោងប្រើប្រាស់យោធាទេនោះ"។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា រុស្ស៊ីកំពុងផលិតសព្វាវុធ និងគ្រាប់រំសេវ បានយ៉ាងច្រើនក្នុងពេលត្រឹមតែ ៣ខែ បើប្រៀបទៅនឹងតួលេខដែលសមាជិកណាតូទាំង ៣២ប្រទេស រួមគ្នាផលិតក្នុងមួយឆ្នាំ។ លោកជឿជាក់ថា រុស្ស៊ីអាចស្ថិតក្នុងទីតាំងត្រៀមខ្លួនរួចរាល់ដើម្បីបើកការវាយប្រហារលើសម្ព័ន្ធយោធាណាតូ នៅចុងទសវត្សរ៍នេះ៕
