មនុស្សជាតិកំពុងស្ថិតលើផ្លូវដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនលើសលប់ក្នុងពេលតិចជាង ៣ឆ្នាំ ដែលនាំឱ្យខ្សែបន្ទាត់ដ៏គ្រោះថ្នាក់សម្រាប់ទប់ស្កាត់កម្ដៅផែនដី ស្ទើរតែមិនអាចជៀសផុតពីការឆ្លងកាត់បាន។

របាយការណ៍នេះបានព្យាករថា សង្គមទូទាំងសកលលោកនឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើនគ្រប់គ្រាន់នៅដើមឆ្នាំ២០២៨ ខាងមុខ ដែលអាចនាំឱ្យការឆ្លងកាត់ព្រំដែនសីតុណ្ហភាពរយៈពេលវែងដ៏សំខាន់មួយ ទំនងជាកើតឡើង។
ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ដល់ចំណុចនោះ ផែនដីនឹងមានឧស្ម័នដែលហ៊ុកម្ដៅទុកក្នុងបរិយាកាស ច្រើនគ្រប់គ្រាន់ដើម្បីបង្កើតឱកាស ៥០-៥០ ឬច្រើនជាងនេះ ដែលពិភពលោកនឹងជាប់គាំងក្នុងបន្ទាត់ក្រហម ១,៥អង្សាសេ នៃការឡើងកម្ដៅរយៈពេលវែងចាប់តាំងពីសម័យបុរេឧស្សាហកម្ម។
កម្រិតការប្រមូលផ្តុំឧស្ម័ន ដែលកើតចេញពីការដុតឥន្ធនៈដូចជាសាំង ប្រេង និងធ្យូងថ្មជាដើមនេះ គឺលឿនជាងអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួន ៦០នាក់ បានគណនាក្នុងការសិក្សាកាលពីឆ្នាំមុន។ គួរឱ្យដឹងថា ព្រំដែន ១,៥អង្សាសេ ដែលកំណត់ដំបូងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ គឺជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់។
អ្នកវិទ្យាសាស្ត្រនិយាយថា ការឆ្លងកាត់ដែនកំណត់នេះនឹងមានន័យថា រលកកម្ដៅកាន់តែអាក្រក់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ព្យុះកាន់តែធំ និងការកើនឡើងកម្រិតទឹកសមុទ្រខ្ពស់ ដែលលិចលង់ប្រទេសកោះតូចៗ។ ក្នុងរយៈពេល ១៥០ឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញទំនាក់ទំនងដោយផ្ទាល់រវាងការបញ្ចេញក្នុងកម្រិតជាក់លាក់នៃឧស្ម័នកាបូនឌីអុកស៊ីត រួមជាមួយនឹងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតដូចជា មេតាន ទៅនឹងកំណើនជាក់លាក់នៃសីតុណ្ហភាពពិភពលោក៕


