មនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធថា ជម្លោះយោធាដែលកំពុងបន្តនិងការផ្ទុះឡើងនៃជំងឺ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ នៅក្នុងប្រទេសស៊ូដង់។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា កុមារមានចំនួនពាក់កណ្តាលនៃមនុស្ស ៣០លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ នៅក្នុងប្រទេសស៊ូដង់ ហើយពាក់កណ្តាលនៃមនុស្ស ១២លាននាក់ បានផ្លាស់ទីលំនៅ ចាប់តាំងពីសង្គ្រាមស៊ីវិល បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ ២០២៣។ អ្នកដែលបែកចេញពីគ្រួសារ ឬគ្មានអ្នករួមដំណើរ ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការរំលោភបំពាន ការកេងប្រវ័ញ្ច និងរបួស។

នៅពេលដែលជម្លោះនៅក្នុងប្រទេសស៊ូដង់ នៅតែបន្ត កុមារនៅក្នុងប្រទេសនេះ កំពុងត្រូវការសេវាការពារជាបន្ទាន់។ ការិយាល័យនេះ បាននិយាយថា ប៉ុន្តែដោយសារកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ កុមារតិចជាង ១៨ភាគរយនៃកុមារដែលត្រូវការជំនួយ បានទទួលការគាំទ្រយ៉ាងសំខាន់នោះ មកទល់ឆ្នាំនេះ។
ជំងឺក៏កំពុងបណ្តាលឲ្យកុមារស្លាប់យ៉ាងច្រើន នៅក្នុងប្រទេសស៊ូដង់។ ចាប់តាំងពីជំងឺអាសន្នរោគ បានផ្ទុះឡើង នៅក្នុងប្រទេសនេះ ក្នុងខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលសហព័ន្ធ បានរាយការណ៍ថាមានករណីសង្ស័យច្រើនជាង ៨០.000ករណី និងមនុស្សជាង ២.000នាក់ បានស្លាប់។ អង្គការ OCHA បាននិយាយថា ចំនួននេះ រួមបញ្ចូលទាំងជិត ៧.៣០០ករណី និងការស្លាប់របស់មនុស្ស២៣០នាក់ ដែលប៉ះពាល់ដល់កុមារ អាយុក្រោម ៥ឆ្នាំ។