ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការជំរុញរបស់អង្គការណាតូ ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ មិនមែនជាការគំរាមកំហែងដល់រុស្ស៊ីទេ ដោយសារទីក្រុងមូស្គូ មានសព្វាវុធទាំងអស់ ដែលខ្លួនត្រូវការ ដើម្បីការពារខ្លួន។
សម្ព័ន្ធភាពយោធានេះ កំពុងជំរុញសមាជិកឲ្យបង្កើនការចំណាយលើវិស័យការពារជាតិ ដល់ទៅ ៥% នៃ ផលិតផលក្នុងស្រុកសរុប (GDP) ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)។
លោក ពូទីន បានថ្លែងប្រាប់អ្នកយកព័ត៌មាន រួមទាំងសារព័ត៌មាន AFP នៅឯសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ នៅទីក្រុង Saint Petersburg ថា៖«យើងមិនចាត់ទុកថា ការពង្រឹងកម្លាំងណាមួយរបស់អង្គការណាតូ ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ីទេ ពីព្រោះយើងមានអាវុធគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការធានាសន្តិសុខផ្ទាល់ខ្លួន»។

លោកបានបន្ថែមថា រុស្ស៊ីកំពុងធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ និងសមត្ថភាពការពាររបស់យើង ឥតឈប់ ឈរ។
ទោះបីជាលោកបានទទួលស្គាល់ការចំណាយខ្ពស់ដោយអង្គការណាតូ នឹងបង្កើតបញ្ហាប្រឈម «ជាក់លាក់» មួយចំនួនសម្រាប់ប្រទេសរុស្ស៊ីក៏ដោយ ក៏មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បាននិយាយថា វា«គ្មានន័យ» សម្រាប់សមាជិកណាតូខ្លួនឯងនោះទេ។
លោកបានថ្លែងថា៖«យើងនឹងប្រឆាំងនឹងការគំរាមកំហែងទាំងអស់ ដែលកើតឡើង ហើយពុំមានការសង្ស័យអំពីរឿងនោះទេ»។
លោក ពូទីន បានធ្វើការវាយលុក នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃជម្លោះកាន់តែធំរវាងរុស្ស៊ី និងអង្គការណាតូ។
ចំណែកទីក្រុងគៀវ កំពុងស្វែងរកការធានាសន្តិសុខពីអង្គការណាតូ ជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាងបីឆ្នាំ បន្ទាប់ពីរុស្ស៊ីបានបញ្ជាឲ្យមានការវាយលុកផ្នែកយោធាពញបន្ទុករបស់ខ្លួន។
