មន្ត្រីអាមេរិកពីររូប បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិក បានផ្លាស់ទីយន្តហោះ និងនាវា មួយចំនួន ចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា ដែលអាចនឹងងាយរងគ្រោះដោយសារការវាយប្រហារដ៏មាន សក្តានុពលរបស់អ៊ីរ៉ង់
ការសម្រេចនេះ បានកើតឡើង នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានធ្វើឲ្យពិភពលោកទស្សន៍ទាយថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ដែរឬទេ ខណៈដែលអ្នកស្រុក បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ខ្លួន នៅថ្ងៃទី៦នៃការវាយប្រហារតាមអាកាស។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីពីមនុស្សដែលដឹងពីបញ្ហានេះថា ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក កំពុងរៀបចំសម្រាប់លទ្ធភាពវាយប្រហារលើអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ដោយបានដកស្រង់សម្តីប្រជាពលរដ្ឋមួយចំនួន របាយការណ៍នេះ បានបញ្ជាក់ថា ស្ថានការណ៍នៅតែមានការវិវឌ្ឍ និងអាចផ្លាស់ប្តូរ។ យោងទៅតាមសារព័ត៌មាន Bloomberg មនុស្សមួយចំនួន បានចង្អុលបង្ហាញពីផែនការដ៏មានសក្តានុពលសម្រាប់វាយប្រហារនៅចុងសប្តាហ៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងក្រៅសេតវិមាន លោក ត្រាំ បានបដិសេធមិននិយាយថាតើលោកបានធ្វើការសម្រេចចិត្តណាមួយក្នុងការចូលរួមយុទ្ធនាការរបស់អ៊ីស្រាអែលដែរឬទេ។ លោកបាននិយាយថា៖«ខ្ញុំអាចធ្វើវាបាន។ ខ្ញុំប្រហែលជាមិនធ្វើវាទេ។ ខ្ញុំមានន័យថា គ្មាននរណាម្នាក់ ដឹងពីអ្វីដែលខ្ញុំនឹងធ្វើនោះទេ»។
