ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីនិងចិន មានបំណងធ្វើសមយុទ្ធយោធា នៅឆ្នាំនេះ ជាផ្នែកមួយនៃផែនការសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេ ទាក់ទងនឹងបញ្ហាយុទ្ធសាស្ត្រជាច្រើន។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយនៅក្នុងបរិបទនៃទំនាក់ទំនងទីក្រុងមូស្គូនិងទីក្រុងប៉េកាំងថា៖«មិនតិចទេ យើងកំពុងបង្កើតកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា»។ «ពុំមានអ្វីគួរឲ្យសង្ស័យទៀតទេ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ណាស់សម្រាប់ការធានាស្ថិរភាពក្នុងកិច្ចការពិភពលោក»។

លោក ពូទីន បានអះអាងថា៖«យើងមានផែនការកិច្ចសហប្រតិបត្តិការទាំងមូល នៅលើវិស័យនេះ»។ «ក្រសួងការពារជាតិ ក៏មានផែនការចូលរួមរបស់ខ្លួនផងដែរ។ យើងធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ ហើយនឹងបន្តធ្វើនៅឆ្នាំនេះផងដែរ។ យើងក៏នឹងធ្វើការរួមគ្នាក្នុងវិស័យបច្ចេកទេសយោធាផងដែរ។ យើងដឹងពីចំណូលចិត្តរបស់មិត្តចិនរបស់យើង ហើយវាមិនមែនគ្រាន់តែជាការទិញ និងលក់បច្ចេកវិទ្យានោះទេ។ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះ ហើយនឹងធ្វើការលើគ្រប់វិស័យទាំងអស់»។

