យោធាអាមេរិកបានផ្លាស់ប្ដូរទីតាំងនៃយន្តហោះ និងនាវាមួយចំនួនចេញពីមូលដ្ឋាន នៅតំបន់មជ្ឈិមបូព៌ា ដែលអាចងាយរងគ្រោះដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ណាមួយ នាពេលខាងមុខ។ នេះបើតាមមន្ត្រីអាមេរិក ២រូបដែលបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ (ទី១៨ ខែមិថុនា)។
មន្ត្រីទាំង ២រូបដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃផែនការការពារកងកម្លាំងអាមេរិក។ តែពួកគេបានបដិសេធមិននិយាយថា តើមានយន្តហោះ ឬនាវាប៉ុន្មានគ្រឿង ដែលត្រូវបានផ្លាស់ទីតាំង និងយកទៅកាន់ទីណានោះទេ។

មន្ត្រីម្នាក់បានប្រាប់ថា នាវាកងទ័ពជើងទឹកអាមេរិកត្រូវបានផ្លាស់ចេញពីកំពង់ផែមួយ ក្នុងប្រទេសបារ៉ែន ជាកន្លែងដែលកងនាវាទី៥ របស់យោធាមានមូលដ្ឋាននៅទីនោះ ចំណែកយន្តហោះដែលមិនស្ថិតនៅក្នុងជំរករឹង ត្រូវបានផ្លាស់ពីមូលដ្ឋានអាកាស Al Udeid ក្នុងប្រទេសកាតា។ មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «នេះមិនមែនជាការអនុវត្តពិសេសនោះទេ។ ការការពារកងកម្លាំង គឺជាអាទិភាព»។
លោកប្រធានាធិបតី Donald Trump បាននិងកំពុងធ្វើឲ្យពិភពលោកស្ថិតក្នុងភាពស្រពេចស្រពិល ជុំវិញថា តើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ដែរ ឬទេ នៅពេលដែលប្រជាជននៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ បាននាំគ្នាចាកចេញពីទីក្រុងនេះ នៅថ្ងៃទី ៦ នៃការវាយប្រហារតាមផ្លូវអាកាស៕
