មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅទីលាន Plaza de Mayo នៃទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) កាលពីថ្ងៃពុធ (១៨ មិថុនា) ដើម្បីបង្ហាញការគាំទ្រ ខណៈដែលអតីតប្រធានាធិបតី លោកស្រី Cristina Fernandez de Kirchner បានចាប់ផ្តើមអនុវត្តទោសជាប់ឃុំក្នុងផ្ទះរយៈពេល ៦ឆ្នាំ ពីបទពុករលួយ។ លោកស្រីបានផ្ដល់ជាសារសំឡេងមិនចុះញ៉ម ដោយសន្យាថា លោកស្រីនឹងវិលត្រឡប់មកកាន់ឆាកនយោបាយវិញ។

នៅក្នុងសារថតទុក ដើម្បីនិយាយទៅកាន់ហ្វូងអ្នកគាំទ្រ ដែលបានបង្ហាញខ្លួននៅពេញផ្លូវ លោកស្រី Kirchner បានប្រកាសថា៖ «សូមជនរួមជាតិអាហ្សង់ទីនទាំងអស់ដឹងថា យើងនឹងត្រលប់មកវិញ»។
គួរបញ្ជាក់ថា លោកស្រី Kirchner ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ បានចាប់ផ្តើមអនុវត្តទោសរបស់លោកស្រី បន្ទាប់ពីតុលាការកំពូលអាហ្សង់ទីន កាលពីសប្តាហ៍មុន បានតម្កល់ការផ្តន្ទាទោសឆ្នាំ២០២២ ទាក់ទងនឹងការក្លែងបន្លំដែលពាក់ព័ន្ធនឹងគម្រោងសាធារណៈ នៅតំបន់ Patagonia។
សេចក្តីសម្រេចនោះក៏បានដាក់បម្រាមលោកស្រីពេញមួយជីវិតមិនឲ្យកាន់តំណែងសាធារណៈផងដែរ៕

