ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សជិត ៧០.០០០នាក់ នៅភាគខាងត្បូងប្រទេសចិន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានទឹកជំនន់ធំដែលបង្កឡើងដោយព្យុះទីហ្វុង Wutip។
រូបភាពពីទូរទស្សន៍រដ្ឋ CCTV បានបង្ហាញថា តំបន់ដ៏ធំនៃទីក្រុង Zhaoqing ក្នុងខេត្ត Guangdong ត្រូវបានលិចលង់ដោយទឹកជំនន់ ដែលបានជន់លិចនៅមុខហាង និងផ្លូវថ្នល់។

ក្រុមអ្នកជួយសង្គ្រោះបានរុញរថយន្តដែលជាប់នៅក្នុងទឹក ហើយបានប្រើប្រាស់ទូកពោង ដើម្បីដឹកអ្នកស្រុកទៅកាន់ទីសុវត្ថិភាព។ រូបភាពផ្សេងទៀតបង្ហាញពីក្រុមអ្នកជួយសង្គ្រោះកំពុងដើរឆ្លងកាត់ទឹក ខណៈពេលដែលកំពុងអៀវមនុស្សពីខាងក្រោយលើខ្នងរបស់ពួកគេ។
ទីភ្នាក់ងាររដ្ឋ Xinhua បានរាយការណ៍ថា ទឹកជំនន់បានប៉ះពាល់ដល់អ្នកស្រុកចំនួន ១៨៣.០០០នាក់ នៅក្នុងស្រុក Huaiji របស់ទីក្រុង Zhaoqing ដោយទីក្រុងនេះ បានដាក់ពង្រាយបុគ្គលិកសង្គ្រោះជាង ១០.០០០នាក់។ ទឹកជំនន់បានប៉ះពាល់ដល់ខេត្ត Guangdong និងតំបន់ជិតខាង Guangxi៕

