លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិនបានជម្លៀសពលរដ្ឋរបស់ខ្លួនជាង ១.៦០០នាក់ចេញពីប្រទេសអ៊ីរ៉ង់ និងពលរដ្ឋរាប់រយនាក់ទៀត ចេញពីប្រទេសអ៊ីស្រាអែល ស្របពេលដែលជម្លោះរវាងប្រទេសទាំង ២ កាន់តែតានតឹងខ្លាំង ។
លោក Guo និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនបានរក្សាការទាក់ទងជាមួយភាគី រួមទាំងអ៊ីរ៉ង់ អ៊ីស្រាអែល និងអូម៉ង់ ខណៈពួកគេអំពាវនាវឲ្យចាត់វិធានការបន្ទាន់ ក្នុងការបន្ធូរបន្ថយស្ថានភាពតានតឹងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។

ពេលសួរពីសេចក្តីរាយការណ៍របស់កាសែត Bloomberg បញ្ជាក់ថា ក្រុមមន្រ្តីសហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់ការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លោក Guo និយាយថា ប្រទេសមហាអំណាចពិភពលោកគួរតែការពារស្ថានភាពកុំឲ្យធ្ងន់ធ្ងរបន្ថែមទៀត និងបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងនេះ ។
លោកបន្តថា ប្រទេសមហាអំណាចដែលមានឥទ្ធិពលរបស់ខ្លួន គួរតែប្រកាន់គោលជំហរត្រឹមត្រូវ ហើយឥរិយាបថមានទំនួលខុសត្រូវ និងធ្វើការលើកកម្ពស់បទឈប់បាញ់ ៕
