ប្រធានក្រុមហ៊ុន Air India លោក N. Chandrasekaran កាលពីថ្ងៃពុធ (ទី១៨ ខែមិថុនា) បាននិយាយថា យន្ដហោះ Boeing Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលបានធ្លាក់ដោយមានមនុស្ស ២៤២នាក់ជិះលើនោះ កាលពីសប្តាហ៍មុន គ្មានប្រវត្តិម៉ាស៊ីនមានបញ្ហាឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា Times Now លោក Chandrasekaran បានបញ្ជាក់ថា ម៉ាស៊ីនខាងស្តាំរបស់យន្តហោះនេះ គឺថ្មី និងត្រូវបានដំឡើង នៅក្នុងខែមីនា ឆ្នាំ២០២៥ ហើយម៉ាស៊ីនខាងឆ្វេង ត្រូវបានផ្តល់សេវាចុងក្រោយ នៅឆ្នាំ២០២៣ ។ យន្តហោះ Dreamliner នេះ ត្រូវបានបំពាក់ដោយ GEnx របស់ក្រុមហ៊ុន GE Aerospace។

យន្តហោះ Boeing 787-8 Dreamliner បានហោះហើរទៅកាន់អាកាសយានដ្ឋាន Gatwick ភាគខាងត្បូងនៃទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បានចាប់ផ្តើមធ្លាក់រយៈកម្ពស់ត្រឹមតែប៉ុន្មានវិនាទី បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា។
អ្នកដំណើរទាំងអស់ លើកលែងម្នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ ដោយមានអ្នកស្លាប់ប្រមាណជា ៣០នាក់ នៅលើដី៕
