ភ្នំពេញ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលជំនួយរបស់ក្រុមហ៊ុន VIATRIS ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួង ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩ ចំនួន១០០០ប្រអប់។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោក Tejasvi Sharma ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Pharma Cambodia តំណាងក្រុមហ៊ុន VIATRIS ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។
ទន្ទឹមគ្នានោះដែរ លោក Tejasvi Sharma ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Pharma Cambodia តំណាងក្រុមហ៊ុន VIATRIS បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
លោក ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ដោយមិនគិតថ្លៃរួមទាំងបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។
ជាចុងក្រោយឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ និងបានប្រកាសបិទបញ្ចប់ព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ ដោយសម្តេចតេជោ នាយករដ្ឋមន្រី្ត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា ឱសថដែលផ្តល់ដោយក្រុមហ៊ុន VIATRIS ជាប្រភេទឱសថគ្រាប់ Favipiravir (200mg) ចំនួន១០០០ប្រអប់ ជូនក្រសួងសុខាភិបាល ហើយក្រសួង បែងចែកជូនមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៤០០ប្រអប់ មនី្ទរពេទ្យព្រះអង្គឌួង ចំនួន៣០០ប្រអប់ និងមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន៣០០ប្រអប់៕អត្ថបទ រដ្ឋា




