ក្រុមបាតុករប្រឆាំងសង្រ្គាម បានជួបជុំគ្នានៅក្រៅសេតវិមាន ដើម្បីតវ៉ាការវាយប្រហារមីស៊ីលគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ។
ដោយគ្រវីទង់ប៉ាឡេស្ទីន និងទង់ជាតិអ៊ីរ៉ង់ ក្រុមបាតុកររាប់សិបនាក់នាំគ្នាស្រែកពាក្យស្លោក និងកាន់បដាទាមទារឲ្យបញ្ចប់សកម្មភាពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ។
ភាពតានតឹងបានកើតមានឡើង ពេលដែលក្រុមបាតុករបក្ខដិបក្ខ នាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអែល ជំរុញឲ្យនគរបាលចូលឃាំង ពេលដែលក្រុមបាតុករគាំទ្រអ៊ីស្រាអែល និងក្រុមបាតុករប្រឆាំងសង្រ្គាម ប្រឈមដាក់គ្នានៅជិតរបងសេតវិមាន ។

បាតុករមួយរូបដែលចង់សំដៅលើនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា គាត់ដឹងតែពីទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយគ្មានការពិត ។
បាតុករម្នាក់ទៀតប្រកាសថា អ៊ីស្រាអែលគឺជារដ្ឋមានអាវុធនុយក្លេអ៊ែរ ។ អ៊ីស្រាអែលគឺជាភេរវករប្រចាំតំបន់មជ្ឈិមបូព៌ា ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្តធ្វើឲ្យពិភពលោកទាយថាតើ អាមេរិកនឹងចូលរួមកាវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ឬយ៉ាងណា ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ចាប់តាំងពីថ្ងៃសុក្ររហូតមក អ៊ីរ៉ង់ បានបាញ់មីស៊ីលប្រហែល ៤០០គ្រាប់លើអ៊ីស្រាអែល ក្នុងនោះ មីស៊ីលប្រហែល ៤០គ្រាប់ បានទម្លុះប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ២៤នាក់ ដែលពួកគេទាំងអស់ គឺជាជនស៊ីវិល ៕
