ប្រមុខគណបក្ស Bhumjaithai (ភូមិចៃថៃ) លោក Anutin Charnvirakul បានដាក់ពាក្យស្នើសុំលាលែងពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីគណបក្សរបស់លោក បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។
នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) នេះ លោក Anutin បានផ្ញើលិខិតលាលែងពីតំណែងរបស់លោកទៅនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ដោយបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការសុំចុះចេញពីគ្រប់មុខតំណែងដែលត្រូវបានតែងតាំង ឬចាត់តាំង។
លិខិតរបស់លោក បានរៀបរាប់ថា៖ «យោងតាមព្រះរាជក្រឹត្យដែលបានតែងតាំងខ្ញុំជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំសូមដាក់ជួននូវលិខិតស្នើសុំលាលែងពីមុខតំណែងទាំងនេះ ព្រមទាំងពីមុខតំណែងផ្សេងទៀតទាំងអស់ដែលខ្ញុំត្រូវបានតែងតាំង ឬប្រគល់ឲ្យ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ តទៅ»។
ក្រៅពីលោក Anutin រដ្ឋមន្ត្រីមួយចំនួនទៀតមកពីគណបក្ស Bhumjaithai ក៏បានលាលែងពីតំណែងផងដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ (ទី១៨ ខែមិថុនា) គណបក្ស Bhumjaithai បានប្រកាសពីការសម្រេចរបស់ខ្លួន ក្នុងការដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ក្រោយមានភាពចម្រូងចម្រាស ដោយសារការបែកធ្លាយសារសំឡេងនៃការសន្ទនាតាមទូរសព្ទរបស់លោកស្រី Paetongtarn៕