ក្រុមការងារទេសចរណ៍ ប្រជានេសាទ និងម្ចាស់ទូកកម្សាន្ត នាំគ្នាឡើងកំពង់ទូករបស់ពួកគេនៅទីក្រុងតំបន់ឆ្នេរ Acapulco ស្ថិតនៅភាគខាងត្បូងម៉ិកស៊ិក ដែលប្រឈមការមកដល់របស់ព្យុះសង្ឃរា Erick និងព្រួយបារម្ភដល់ការបំផ្លិចបំផ្លាញតែមួយដូចព្យុះសង្ឃរា Otis កាលពីចុងឆ្នាំ ២០២៣ ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) និយាយនៅក្នុងសេចក្តីរាយការណ៍ថា ព្យុះសង្ឃរា Erick ត្រូវបានគេរំពឹងថានឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងទឹកជំនន់ដ៏គំហុកគំរាមកំហែងដល់អាយុជីវិត មនុស្សនៅតាមផ្នែកជាច្រើននៅភាគខាងត្បូងម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍នេះ ។

មន្ទីរ NHC និយាយនៅក្នុងការធ្វើបច្ចប្បន្នភាពចុងក្រោយរបស់ខ្លួននាវេលាម៉ោង ៦ល្ងាចម៉ោងក្នុងស្រុកថា យន្តហោះតាមប្រម៉ាញ់ព្យុះសង្ឃរា រាយការណ៍ថា ព្យុះ Erick គឺជាព្យុះដ៏ខ្លាំងក្លា ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានព្រមានថា ព្យុះសង្ឃរា Erick អាចក្លាយជាព្យុះសង្ឃរាដ៏ខ្លាំងក្លាបំផុត នឹងបោកបក់ដល់ដីគោកនៅតាមតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ម៉ិកស៊ិក ។
ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៩៥គ.មក្នុង ១ម៉ោង ព្យុះសង្ឃរា Erick ស្ថិតនៅចម្ងាយ ៩០គ.ម ពីទីក្រុងទេសចរណ៍ Puerto Angel ជាទីដែលការព្រមានព្យុះសង្ឃរា ចូលជាធរមាន បន្តរហូតដល់ទីក្រុងភាគខាងលិច Acapulco ។
យោងតាមការអះអាងរបស់មន្ទីរ NHC បានឲ្យដឹងថា ទឹកភ្លៀងកម្ពស់ ៤១សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថានឹងកើតមាននៅតាមរដ្ឋ Oaxaca និងរដ្ឋ Guerrero ៕
