លោក Yoshimasa Hayashi គឺជាអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុនបានបញ្ជាឲ្យយន្តហោះយោធាត្រៀមខ្លួន ដើម្បីជម្លៀសជនជាតិរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែល ។
លោកនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយពិនិត្យមើលឃើញស្ថានភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ពួកយើងបានសម្រេចចិត្តបញ្ជូនយន្តហោះកងកម្លាំងស្វ័យការពារទៅកាន់ប្រទេសជីប៊ូទី ។
លោក Gen Nakatani រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន និយាយដោយលើកប្រភពពីក្រសួងការបរទេសថា ពលរដ្ឋជប៉ុនប្រហែល ១ពាន់នាក់ ត្រូវបានគេមានជំនឿថា រស់នៅក្នុងប្រទេសអ៊ីស្រាអែល និងពលរដ្ឋប្រហែល ២៨០នាក់ទៀត រស់នៅក្នុងប្រទេសអ៊ីរ៉ង់ ។

លោក Hayashi និយាយថា ស្ថានទូតជប៉ុនប្រចាំនៅប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រៀមប្រើប្រាស់រថយន្តក្រុង ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ខណៈពេលដែលសង្រ្គាមឈានចូលដល់ថ្ងៃទី ៧ ។
លោកបន្ត ការជម្លៀសខ្លួននេះ អាចកើតឡើងនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកបដិសេធន៍ពុំបរិយាយអ្វីច្រើននោះទេ ដោយសារក្តីកង្វល់សន្តិសុខ ។
លោក Hayshi បញ្ជាក់ថា យន្តហោះដឹកជញ្ជូន C-2 ដែលត្រៀមឆ្លើយតបបន្ទាន់នោះ គួរតែដឹកជញ្ជូនពលរដ្ឋជប៉ុនដែលចាំបាច់ ។
នៅមុននេះ សារព័ត៌មានជប៉ុន រាយការណ៍ថា ទីក្រុងតូក្យូ ត្រៀមខ្លួនជម្លៀសមនុស្ស ៩០នាក់ រួមទាំងជនជាតិជប៉ុន និងសមាជិកគ្រួសាររបស់ពួកគេ ចេញពីប្រទេសអ៊ីរ៉ង់ តាមរថយន្តក្រុង ៕
