នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) សភារបស់ប្រទេសហ្វាំងឡង់ បានបោះឆ្នោតគាំទ្រការដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា (Ottawa Convention) ដែលហាមឃាត់មិនឲ្យប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ក្នុងពេលមានការព្រួយបារម្ភ អំពីការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយប្រទេសជិតខាងរបស់ខ្លួន គឺរុស្ស៊ី។
ហ្វាំងឡង់បានចូលរួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការណាតូផ្សេងទៀត ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី ដែលមានលីទុយអានី ឡាតវី អេស្តូនី និងប៉ូឡូញ ក្នុងការចាកចេញ ឬគ្រោងចាកចេញពីសន្ធិសញ្ញានេះ ដោយសារមានក្ដីបារម្ភខ្លាំងឡើងៗ ពាក់ព័ន្ធនឹងហានិភ័យបង្កឡើងដោយប្រទេសជិតខាងដ៏ធំរបស់ខ្លួន។

លោកប្រធានាធិបតី Alexander Stubb ដែលដឹកនាំគោលនយោបាយការបរទេស និងសន្តិសុខរបស់ហ្វាំងឡង់ បាននិយាយការពារវិធានការនេះ។ លោកបានលើកឡើងថា៖ «ចុងក្រោយ ការពិតគឺថា យើងមានប្រទេសជិតខាងរបស់យើងជារដ្ឋចក្រពត្តិនិយមឈ្លានពាន គឺរុស្ស៊ី ដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញាអូតាវ៉ា ហើយប្រើប្រាស់គ្រាប់មីនដោយមិនមានក្ដីមេត្តា»។
រុស្សីបានប្រើប្រាស់គ្រាប់មីន ក្នុងការយុទ្ធនាការលុកលុយលើអ៊ុយក្រែន។ ការសម្រេចរបស់ហ្វាំងឡង់ ធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតស្រដៀងគ្នា នៅក្នុងប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ដែលសភាបានអនុម័តដល់វិធានការដកខ្លួននេះ៕
