នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល បានគំរាមខ្លាំងៗដល់មេដឹកនាំកំពូលអ៊ីរ៉ង់ ក្រោយការបាញ់ស្រោចមីស៊ីលចុងក្រោយពីអ៊ីរ៉ង់ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដល់មន្ទីរពេទ្យធំ និងអគារខ្ពស់ ហើយនិងអគាររស់នៅអ្នកស្រុកជាច្រើនទៀតនៅជិតទីក្រុងតែល អាវីវ ។
យោងតាមការអះអាងរបស់សេវាកម្មសង្រ្គោះ Magen David Adom របស់អ៊ីស្រាអែល បានឲ្យដឹងថា មនុស្សយ៉ាងហោច ៤០នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ ។ សំណុំផ្សែងខ្មៅហុយចេញពីមន្ទីរពេទ្យ Soroka ស្ថិតនៅទីក្រុងភាគខាងត្បូង Beersheba ស្របពេលដែលក្រុមជួយសង្រ្គោះបន្ទាន់ ជម្លៀសអ្នកជំងឺចេញ ។ គ្មានអ្នករងរបួសធ្ងន់ធ្ងរនោះទេ នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យនេះ ។
ពាក់ព័ន្ធនឹងការវាយប្រហារនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានដាក់ការស្តីបន្ទោសមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ហើយលោកបានណែនាំ និងបញ្ជាឲ្យសម្រេចគោលដៅរបស់ខ្លួនទាំងអស់ថា បុរសម្នាក់នេះ មិនគួរបន្តនៅមានលើលោកនោះទេ ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយនៅក្នុងសប្តាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រើសិទ្ធិវេតូផែនការអ៊ីស្រាអែលក្នុងការសម្លាប់លោក Khamenei ។ ក្រោយមកលោក Trumpនិយាយថា គ្មានផែនការសម្លាប់គាត់នោះឡើយ យ៉ាងហោចណាស់ក៏មិនមានសម្រាប់ពេលនេះដែរ ។
ខណៈពេលនោះដែរ អ៊ីស្រាអែល បន្តវាយប្រហារលើម៉ាស៊ីនរ៉េអាក់ទ័រទឹកធ្ងន់ Arak របស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារចុងក្រោយរបស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ៧នៃជម្លោះដែលបានចាប់ផ្តើមឡើងជាមួយរលកនៃការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើទីតាំងយោធា មន្រ្តីយោធាជាន់ខ្ពស់ និងក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ។
ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និយាយថា មនុស្សយ៉ាងហោច ៦៣៩នាក់ រួមទាំងជនស៊ីវិល ២៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមនុស្សជាង ១.៣០០នាក់ផ្សេងទៀត រងរបួស ។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៤០០គ្រាប់ និងយានដ្រូនរាប់រយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៤នាក់ នៅអ៊ីស្រាអែល និងបណ្តាលឲ្យមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស ៕